រន្ធត់ណាស់!!! ជិះម៉ូតូត្រឡប់មកពីហូបការសាច់ញាតិវិញ បុកពីក្រោយរថយន្តដឹកស៊ីម៉ង់ត៍ ប្អូនស្លាប់ និងបងជីដូនមួយរបួសធ្ងន់...
ព័ត៌មាន
757

ភ្នំពេញ៖ មានករណីគ្រោះថ្នាកើចរាចរណ៍មួយបានកើតឡើង ដោយយុវជន២នាក់បងប្អូនជិះម៉ូតូឌុបគ្នា ត្រឡប់មកពីហូបការសាច់ញាតិ បានបុកពីក្រោយរថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងដែលបើកនៅខាងមុខ​ចាប់ហ្វ្រាំងភ្លាមៗ ទើបបុកពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ លើមហាវិថីឈ្នះឈ្នះ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពអ្នកដែលស្លាប់មានឈ្មោះ ណាត នឹម អាយុ២៤ឆ្នាំ មុខរបរបជាកម្មករោងចក្រ និងអ្នករងរបួសធ្ងន់មានឈ្មោះ ថន អាយុ៣១ ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេ ជាបងប្រុសជីដូនមួយ ស្នាក់នៅជាមួយគ្នាក្នុងភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ​

មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់បងប្អូន ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-4667 ពីជើងទៅត្បូងក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ ក៏បានបុករថយន្តដឹកស៊ីម៉ង់ត៍ម៉ាកនីស្សាន់ឌីស្យែល ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1226 បើកបស្របគ្នានៅខាងមុខពេញទំហឹង ព្រោះតែរថយន្តនោះបានជាន់ហ្វ្រាំងបន្ថយល្បឿនភ្លាមៗពេក ក៏បណ្តាលឲ្យយុវជនម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបរថយន្តបង្ក បានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕