បើស្រវឹងសូមកុំបើកបរ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៧ ខែមេសា បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ និង១៣នាក់ របួសធ្ងន់ស្រាល
ព័ត៌មាន
282

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ កើតឡើងចំនួន១៥លើក បង្កឲ្យមានមនុស្សស្លាប់១០នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់១០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៤គ្រឿង, រថយន្តតូច៧គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់ឆ្វេង-ស្ដាំ និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៨១លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤៣នាក់ របួសធ្ងន់៧៨នាក់ និងរបួសស្រាល៣២នាក់៕