មហាជនលើកឡើងថា ៖ លោក ផែង វណ្ណៈ ជាប់គុក«ព្រៃស» ខុសពីលោកឧកញ៉ា គិត ធាង និង នាង យិន ម៉ាណា ជាប់គុក«PJ» ដែលគេចាត់ទុកថា “ជាគុកអ្នកមាន” ..
ព័ត៌មាន
6.65K

ភ្នំពេញ៖ ក្រោយពីមានការឃាត់ខ្លួន លោក ផែង ​វណ្ណៈ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ តាមដីការបង្គាប់របស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្តឹងរបស់មេធាវី តំណាងសម្តេចតេជោ ហ៊ុន សែន បានប្តឹងពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្ត៍ជាសាធារណៈ» ចុងក្រោយរហូតមកទល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ លោក ផែង វណ្ណៈ ត្រូវបានលោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោកផែង វណ្ណៈ នៅក្នុងគុកព្រៃស (មណ្ឌលអប់រំកែប្រែទី១) ដែលធ្វើឲ្យមហាជនលាន់មាត់ថា ការជាប់គុកព្រៃសរបស់លោក ផែង វណ្ណៈ ហេតុអ្វីបានជាខុសពីនាង យិន ម៉ាណា និងលោកឧកញ៉ា គិត ធាង ដែលជាប់គុក PJ ដែលគេចាត់ទុកថា «ជា គុកអ្នកមាន» ទៅវិញ ?..

សូមបញ្ជាក់ថា ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​វេលា​ថ្ងៃ​ត្រង់​ទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក​ ផែង​ វណ្ណៈ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោម​ការ​ចោទប្រកាន់​ចំនួន​២បទ​ល្មើស​ តាម​បណ្តឹង​មេធាវី​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្លែង​តាម​បណ្ដាញ​សង្គម​ Telegram នៅ​ថ្ងៃទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ថា​"ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ​ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បរិហារកេរ្តិជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ"។

បទល្មើស​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​៤៩៤និង​៤៩៥នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពី​៦ខែ​ទៅ​២ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​ទៅ​៤លាន​រៀល​ ។

បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​៣០៥នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​១សែន​រៀល​ទៅ​១០លាន​រៀល​ ៕