សាហាវណាស់! បុរសម្នាក់សង្ស័យត្រូវគេសម្លាប់ ដោយចងជើងជាប់កាដុងខ្សាច់ ទម្លាក់ចូលក្នុងទឹកទន្លេដើម្បីបំបាត់ភស្តុងតាង ស្រាប់តែអណ្តែតផុសឡើង..
ព័ត៌មាន
2.05K

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសជនជាតិខ្មែរឥស្លាមម្នាក់ អណ្ដែតទឹកទន្លេ ដោយជើងជាប់ចំណង សង្ស័យជាអំពើឃាតកម្ម ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្រុម១២ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា សពមានឈ្មោះ ស្លេស កវី អាយុ៣៣ឆ្នាំ មុខរបរអ្នកនេសាទ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានបានបន្តទៀតថា សពបុរសខាងលើបានបាត់ខ្លួនតាំងយប់ថ្ងៃ១៤មកម្ល៉េះ ហើយខាងក្រុមគ្រួសារ និងអ្នកជិតខាងបានចេញទូកទៅរកដែរ តែរកមិនឃើញ។ រហូតដល់ថ្ងៃកើតហេតុទើបត្រូវបានអ្នកនេសាទខ្មែរឥស្លាមដូចគ្នាប្រទះឃើញ សពអណ្តែតទឹកទន្លេដោយមានសភាពខ្សែពណ៌ខ្មៅ (ខ្សែចងគោ) ចងជាប់កជើងជាច្រើនជុំ និងចងជាមួយកាដុងសាំង ដែលមានច្រកខ្សាច់ពេញតែម្ដង។ ភ្លាមៗនោះក្រុមអ្នកនេសាទដែលឃើញសពបុរសខាងលើបាននាំគ្នាស្រង់សាកសពមកលើទូក យកមកប្រាប់ក្រុមគ្រួសារផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទាក់ទងទៅខាងផ្នែកជំនាញកោសលវិច័យក្រុង ចុះត្រួតពិនិត្យនិងធ្វើកំណត់ហេតុរួច និងប្រគល់សពឲ្យក្រុម គ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទដោយ៖ លោក គីម ឡុង