ករណីកំពុងតែធ្វើបុណ្យសពកូន ស្រាប់តែកម្លាំងសមត្ថកិច្ច ចូលឃាត់ខ្លួនឪ នាំទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ពេលនេះដឹងការពិតហើយ
ព័ត៌មាន
10.7K

ភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីបង្កហិង្សា វាយកូនខ្លួនឯង នៅបន្ទប់ជួល ភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

កុមាររងគ្រោះ ឈ្មោះ រិទ្ធី រ៉ាទី ភេទប្រុស អាយុ០៣ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) ។ ចំណែកជនសង្ស័យ (ឪពុក)ឈ្មោះ ន័យ រិទ្ធី ហៅ ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។ វត្ថុតាងចាប់យក៖ ដែកព្យួរខោអាវមួយ និងអំបោសមួយ ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៧ និង០០នាទីព្រឹក ឈ្មោះ ស្រេង សុភ័ក្ត្រ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ បានចេញពីផ្ទះជួល ស្ថិតនៅ ភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅធ្វើការរោងចក្រ ហើយបានទុកកូនតូចៗចំនួន០២នាក់ ឈ្មោះ រិទ្ធី លាងអ៊ី ភេទស្រី អាយុ០១ឆ្នាំកន្លះ  ចំណែកកុមារងគ្រោះ ឈ្មោះ រិទ្ធី រ៉ាទី ភេទប្រុស អាយុ០៣ឆ្នាំ នៅជាមួយជនសង្ស័យ ត្រូវជាឪពុកបង្កើតរបស់កុមារងគ្រោះ ហើយពេលនោះ កុមាររងគ្រោះ បានយំទារទៅតាមម្តាយ ធ្វើឲ្យជនសង្ស័យខឹងកូនទាំង០២នាក់ ក៏បានយកអំបោស និងដែកព្យួរខោអាវវ៉ៃទៅលើកុមារងគ្រោះ ត្រង់កំប៉េះគូថ ជើង និងដងខ្លួន ហើយនិយាយសំឡុតឲ្យឈប់យំ ។

លុះដល់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ វេលា ម៉ោង១០និង៤០នាទី កុមារងគ្រោះ បានប្រកាច់រមួលដៃ រមួលជើង ស្រែកយំខ្លាំងៗ រហូតដល់ម៉ោង១១និង៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបឈ្មោះ ស្រេង សុភ័ក្ត្រ ចេញពីធ្វើការរោងចក្រ ជនសង្ស័យ ក៏បានខ្ចីម៉ូតូអ្នកជិតខាង ឌុបប្រពន្ធ និងកុមារងគ្រោះ ទៅមន្ទីរពេទ្យគន្ធបុប្ផា នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ហើយនៅម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩​ដដែល គ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា បានប្រាប់ជនសង្ស័យ និងប្រពន្ធថា កុមារងគ្រោះ បានស្លាប់ហើយ រហូតដល់វេលាម៉ោង០៧និង០០នាទីព្រឹក ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ ជនសង្ស័យ និងប្រពន្ធ បាននាំយកសពជនរងគ្រោះ (ត្រូវជាកូ​ន) ទៅវត្តវ៉ារិន្ទ ព្រែកលៀប ផ្លូវលេខ ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីបូជាតាមប្រពៃណី។

ប៉ុន្តែក្រុមគ្រួសារខាងប្រពន្ធរបស់ជនសង្ស័យ បានមកចូលរួមឃើញមានស្នាម នៅលើដងខ្លួនរបស់កុមារងគ្រោះ (សព) ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ឲ្យជួយអន្តរាគមន៍ ពិនិត្យទៅលើ (សព)កុមារងគ្រោះ ។

បន្ទាប់មកកម្លាំងការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើកោសល្យ វិច័យឃើញមានស្លាកស្នាមនៅលើដងខ្លួន (សព)ជាច្រើនកន្លែង ដែលជាស្លាកស្នាមប្រើអំពើហិង្សា រួចសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ក៏បានរាយការណ៍មក សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចុះទៅសហការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់​។

ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យក៏បានឆ្លើយសារភាពថា រូបគេពិតជាបានប្រើអំពើហិង្សា ទៅលើកុមារងគ្រោះ ត្រូវជាកូនបង្កើតមែន ដោយយកអំបោស និងដែកព្យួរខោអាវ វ៉ៃទៅលើកូនប្រុសបង្កើត(សព) បណ្តាលឲ្យមានស្លាកស្នាមជាច្រើនប្រាកដមែន ប៉ុន្តែតាមការពិនិត្យសាកសព ការបញ្ជាក់របស់លោកវេជ្ជ នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ និងលិខិតមរណ:ភាព របស់មន្ទីរពេទ្យគន្ធបុប្ផាលេខ ៣១៣ ថា ស្លាប់ដោយជំងឺរលាកសួតធ្ងន់ធ្ងរ(EV71) ។

សពកុមារងគ្រោះ សមត្ថកិច្ចក៏បានប្រគល់ទៅឲ្យម្តាយបង្កើតយក ទៅធ្វើបុណ្យនៅវត្តវ៉ារិន្ទ ព្រែកលៀប តាមប្រពៃណីតែម្តង ។

ជនសង្ស័យខាងលើ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ​​ បានធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕