សូមប្រុងប្រយ័ត្ន! អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ២ខ្នង ឆេះខ្ទេចគ្មានសល់ ម្ចាស់ផ្ទះទ្រហូយំស្ទើរសន្លប់
ព័ត៌មាន
591

កំពង់ចាម៖ ឆ្លងចរន្តអគ្គិសនី ​បង្កជាអគ្គិភ័យឆាបឆេះ ផ្ទះឈើរបស់ប្រជាពលរដ្ឋចំនួន២ខ្នង ប្រក់ក្បឿង ខ្ទេចស្ទើរគ្មានសល់ គ្រោះអគ្គិភ័យនេះដែរបានកើតឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ។

ក្រោយពីទទួលបានព័ត៌មានភ្លាម អភិបាលខេត្តកំពង់ចាម ឯកឧត្ដម គួច ចំរើន  បានបញ្ជាកងកម្លាំងសមត្ថកិច្ចបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តអស់បីគ្រឿង និងប្រើទឹកបួនរថយន្តផងដែរ។

អគ្គិភ័យនេះបានឆាបឆេះផ្ទះសម្បែងពលរដ្ឋចំនួន២ខ្នង ខូចខាតសម្ភារៈទ្រព្យសម្បត្តិអស់មួយចំនួន និងសត្វគោចំនួន២ក្បាល ត្រូវអគ្គិភ័យឆេះងាប់ក្នុងភ្លក់ភ្លើង។

ឯកឧត្ដម គួច ចំរើន បានស្នើឲ្យកងកម្លាំងសមត្ថកិច្ចបន្តខិតខំជួយ ដោះស្រាយរាល់ទុកលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងព្យាយាម ផ្សព្វផ្សាយលើបញ្ហាអគ្គិភ័យ គឺធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋជួយរក្សាទឹក និងមានឧបករណ៍ពន្លត់អគ្គិភ័យប្រចាំផ្ទះរៀងៗ ដើម្បីជួយទប់ស្កាត់បន្ទាន់។

ឯកឧត្តមបានជំរុញឲ្យកងកម្លាំងពន្លត់អគ្គិភ័យបន្តត្រៀមបច្ចេកទេស ទឹកដើម្បីជួយសង្គ្រោះ និងទប់ស្កាត់លើបញ្ហាអគ្គិភ័យនេះផងដែរ៕