អុញនោះ! UEFA ផ្ដើមស៊ើបអង្កេតរឿង Neymar ផុសលើ​Story​ក្នុង​Instagram ទាក់ទងរឿងបាល់ប៉េណាល់ទី​Man Utd ថៃ្ងមុន

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានចាប់ផ្ដើមធើ្វការស៊ើបអង្កេតទៅលើខែ្សប្រយុទ្ធ Neymar ជុំវិញការបង្ហោះ Story នៅលើបណ្ដាញសង្គម Instagram របស់គេ ដែលបានចោទប្រកាន់ទៅលើមន្រ្ដីអាជ្ញាកណ្ដាល ក្រោយផ្ដល់បាល់ប៉េណាល់ទីឲ្យ Man Utd កាលពីប្រកួតសប្ដាហ៍មុន។

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះទៅលើក្រុម Paris Saint Germain នៅជើងទី២ ក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ក្រោយចាញ់ ២-០ កាលពីជើងទី១។

ក្រោយបញ្ចប់ការប្រកួត Neymar ដែលមានរបួសមិនបានជួយក្រុម បានធើ្វការបង្ហោះ Story នៅលើបណ្ដាញសង្គម Instagram ដោយបានសរសេរថា៖ «នេះគឺជាភាពអាម៉ាស់មួយ។ ពួកគេបានដាក់មនុស្ស ៤នាក់ដែលមិនដឹងអ្វីទាំងអស់អំពីបាល់ទាត់ ហើយមិនមានទំនួលខុសត្រូវឡើយ ដោយសម្រេចមើល VAR ឡើងវិញនោះ។ មិនសមមានការពិន័យទេ។ បាល់គឺប៉ះនឹងខ្នងទេ មើលម៉េចបានបាល់ប៉ះដៃ? Go **** yourselves»។

បើតាមការបង្ហាញរបស់សារព័ត៌មាន Sport បានឲ្យដឹងថា UEFA បានចាប់ផ្ដើមធ្វើការអង្កេតជុំវិញការបង្ហោះរបស់ Neymar ហើយរូបគេអាចនឹងត្រូវពិន័យ បើរកឃើញថា កីឡាករជម្រើសជាតិប្រេស៊ីលនេះ មានកំហុស៕