Mourinho បង្ហាញពីអារម្មណ៍ពិត ក្រោយលោកត្រូវក្រុម Real Madrid បដិសេធ និងយក​Zidane​ជំនួសវិញ

 លោក Jose Mourinho បានទទូចថាលោកគាំទ្រការម្រេចចិត្តរបស់ក្លិប Real Madrid ក្នុងការតែងតាំង Zinedine Zidane ជាអ្នកគ្រប់គ្រងថ្មីរបស់ពួកគេ ។ ជាក់ស្តែងលោក Mourinho ដែលត្រូវបានបណ្តេញចេញពីក្លឹប Manchester United កាលពីខែធ្នូកន្លងទៅរូបនេះ បានចូលពិភាក្សាជាមួយលោក Florentino Perez ប្រធានក្លឹប Real Madrid ទាក់ទងនឹងការវិលត្រឡប់ទៅកាន់ទឹកដី Santiago Bernabeu វិញ ។

ប៉ុន្តែទោះជាយ៉ាងណាកីឡាករសំខាន់ៗនៅក្នុងក្រុម បានប្រឆាំងនឹងការផ្តល់តំណែងនេះទៅកាន់លោក Mourinho ខណៈរួមទាំងប្រធានក្រុមកីឡាករ Sergio Ramos ផងដែរ ដែលបានលើកឡើងពីបញ្ហាមួយចំនួនអំពីការផ្លាស់ប្តូរនេះ​។ យ៉ាងណាមិញក្រោយពីនោះលោក Perez បានធ្វើការជ្រើសរើសតែងតាំងលោក Zidane ដែលបានលាលែងពីតំណែងជាគ្រូបង្វឹកនៅចុងបញ្ចប់នៃរដូវកាលមុនរូបនេះឡើងវិញ ក្រោយពីដឹកនាំក្លឹប Madrid ឈ្នះពាន UCL ៣លើកជាប់ៗគ្នា ។ លើសពីនេះលោក Mourinho បានប្រាប់ទៅកាន់ El Chiringuito នៅពេលគេសួរអំពីការតែងតាំងរបស់លោក Zidane នៅក្រុម Real Madrid ថា ៖ ” ខ្ញុំគិតថាវាល្អឥតខ្ចោះ ហើយអស្ចារ្យ ” ។

មិនតែប៉ុណ្ណោះលោកត្រូវបានសួរទៀតថា តើគាត់មានការខកចិត្តចំពោះការសម្រេចចិត្តរបស់ក្រុម Madrid នេះដែរឬទេ​?

លោក Mourinho បានឆ្លើយថា៖ ” ខ្ញុំមិនដែលនិយាយថាខ្ញុំចង់បានការងារនេះ ឬអត់ទេ ។ ខ្ញុំទើបតែប្រាប់អ្នកថា Zidane ទៅក្រុម Madrid គឺល្អឥតខ្ចោះ ” ៕

ប្រភព៖ Metro