លោក​សុខ​សុវណ្ណ​ វឌ្ឍនា​សាប៊ុង​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​៖ ខ្ញុំឯកភាពក្នុងការកែប្រែ ដេីម្បីចៀសវាងនៃការភ័ន្តច្រឡំនឹងកុំអោយរំខានពេលសាលាក្រុងមកប្ដឹងខ្ញុំ ជាពិសេសយកពេលចាត់វិធានការលេីឡានធំចូលក្រុងវិញ
ព័ត៌មាន
836

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាល​រាជធានី​ភ្នំពេញ​ ផ្ញើ​លិខិត​ ទាមទារ​ឱ្យ​លោក​សុខ​សុវណ្ណ​ វឌ្ឍនា​សាប៊ុង​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ កែតម្រូវ​អត្ថបទ​ឡេីង​វិញ​ ចៀសវាង​ការ​ពិចារណា​នូវ​ចំណាត់ការ​តាម​ផ្លូវ​តុលាការ​ក្នុង​បទ​"ការ​ប្រមាថ​និង​ការ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​"។ 

នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើជូនលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីមាន Page Facebook William Guang ដែលសាលារាជធានីភ្នំពេញ អះអាងថា ជា Page របស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានសរសេរបង្ហោះនូវខ្លឹមសារអត្ថបទមួយ មានអត្ថន័យថា «...សួរថា តើស្ដាប់សំដីចៅហ្វាយក្រុង និងស្ដាប់សំដីគីគីព្រុស មួយណាល្អជាង... » ដែលជាពាក្យពេចន៏អសីលធម៌ មានចរិតមួលបង្កាច់ក្នុងចេតនាបង្ខូចកេរ្ដ៏ឈ្មោះ ធ្វើអោយមតិសាធារណៈមានការភ័ន្តច្រឡំ នាំអោយប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់អ្នករាជការសាធារណៈ និងស្ថាប័នសាលារាជធានីភ្នំពេញផងដែរ។

ពេលនេះ លោក​សុខ​សុវណ្ណ​ វឌ្ឍនា​សាប៊ុង​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ ក៏បានបង្ហោះខ្លឹមសារថា "សម្រាប់ខ្ញុំ សិទ្ធនៃការស្ដាប់របស់ខ្ញុំ គឺស្ដាប់ គីគីព្រុសវាពិរោះជាង ហេីយពុំមានចេតនាណាហ៊ានទៅប្រមាថអស់លោកទេ នេះជាសេរីភាពនៃការស្ដាប់របស់ខ្ញុំ តែពាក្យមួយឃ្លាដែលងាយយល់នេះបេីបង្ករជាការភ័ន្តច្រឡំ ខ្ញុំឯកភាពក្នុងការកែប្រែ ។ ដេីម្បីចៀសវាងនៃការភ័ន្តច្រឡំនឹងកុំអោយរំខានពេលសាលាក្រុងមកប្ដឹងខ្ញុំ ! ដេីម្បីអោយសាលាក្រុងយកពេលនោះបំរេីសេវាសាធារណៈ ជាពិសេសយកពេលចាត់វិធានការលេីឡានធំចូលក្រុងវិញ "។

គួររំលឹកផងដែរថា ស្ត្រីពីរនាក់ជិះម៉ូតូឌុបគ្នាចេញពីផ្សារស្ទឹងមានជ័យ ត្រូវរថយន្តសណ្តោងធន់ធំបើកបុកពីក្រោយកិនស្ត្រីម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌ កាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្បែរផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។