បាតុភូត​ចម្លែក​! អាចម៍​ផ្កាយ​Bennu កំពុង​វិល​កាន់តែលឿនទៅៗ ធ្វើឲ្យអ្នកវិទ្យាសាស្ត្រ​បកស្រាយ​មិន​ចេញ​
បច្ចេកវិទ្យា
1.16K

(វ៉ាស៊ីនតោន)៖​ មានដឹងដែរ ឬអត់ថា​អាចម៍ផ្កាយ Bennu ដែលស្ថិតក្រោមការ​សិក្សារបស់យាន​អវកាស NASA កំពុងវិលកាន់​តែ​​លឿនទៅៗ​ ដោយប្រការនេះ​ធ្វើឲ្យ​អ្នកវិទ្យាសាស្រ្ត​ងឿងឆ្ងល់​ជាខ្លាំង នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩ នេះបើយោងតាមវែបសាយ​​ព័ត៌​មាន​វិទ្យាសាស្រ្ត-អវកាស Space។

បើតាមការឲ្យដឹង​ពីអ្នក​វិទ្យាសាស្រ្ត ពេលវេលា​នៅលើអាចម៍​ផ្កាយ Bennu កាន់តែ​ខើចទៅៗ ហើយពួកគេ​​កំពុងព្យាយាម​ស្វែង​រកចម្លើយ​ថា មកពីមូលហេតុអ្វី។ ឥឡូវនេះ​រង្វិលជុំរបស់ Bennu គឺមានរយៈពេល ៤.៣ម៉ោង ក៏ប៉ុន្តែបើ​តាមរយៈការវិភាគ​លើទិន្នន័យ​​​​​ប្រមូលបានមុន​ដែល​ពេល​​យាន OSIRIS-REX ទៅដល់​អាចម៍ផ្កាយ Bennu នោះ​បង្ហាញថា រង្វិលជុំរបស់​វា​កំពុងតែកើន​​ឡើង​ល្បឿន​ គឺប្រហែល ០១វីនាទី​ជារៀងរាល់​មួយ​សតវត្សរ៍។

​ការស្រាវជ្រាវ​ថ្មីនេះ​បានយោង​ទៅលើ​​ទិន្នន័យ​​ ដែលប្រមូលបាន​ដោយ​​ប្រព័ន្ធតេឡេស្កូប​ចំនួន​២ នៅលើផែនដី​​​កាលពីចន្លោះ​ឆ្នាំ១៩៩៩ និងឆ្នាំ២០០៥ និងដោយកែវយឺត​អវកាស Hubble។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្ត​នឹងអាចធ្វើ​ការ​ស្វែង​យល់កាន់តែ​ច្បាស់ថែមទៀត​អំពី Bennu ស្របដែល​ពេលយាន OSIRIS-REX នឹងចំណាយពេល​សិក្សាលើវា​សម្រាប់រយៈពេល​យ៉ាង​​តិចក៏ ​២ឆ្នាំ។

យាន OSIRIS-REX បានទៅដល់​អាចម៍ផ្កាយ Bennu ដែលមាន​មុខកាត់​ប្រវែងជាង ៥០០ម៉ែត្រ និងនៅចម្ងាយ ៣០០,០០០គីឡូ​ម៉ែត្រ​ពីផែនដី កាល​ពីចុង​ឆ្នាំ២០១៨ ហើយយាន​អវកាសនេះនឹងនាំយក​គំរូតាង​របស់វា ត្រឡប់មក​ដល់ផែនដី នៅខែកញ្ញា ឆ្នាំ២០២៣​​៕​