​Liverpool ទម្លាក់ Bayern Munich ​​ឡើង​​វគ្គ​​៨​ក្រុម​ចុង​ក្រោយ Champions League

នៅ​ទីបំផុត​ក្រុម​ហង្ស​ក្រហម Liverpool ធ្វើ​បាន​សម្រេច​ហើយ​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ ៨​ក្រុម​ចុងក្រោយ​នៃ​ក្រប​ខណ្ឌ UEFA Champions League រដូវ​កាល​នេះ ​ក្រោយ​យក​ឈ្នះ​នៅ​ដី​អាល្លឺម៉ង់ Bayern Munich ជាមួយ​លទ្ធផល ៣–១ ជើង​ទី​២​។ កីឡាករ​ខ្សែប្រយុទ្ធ​សេ​ណេ​ហ្គា​ល់ Sadio Mane បាន​ក្លាយ​ជា​វីរបុរស​នៃ​ការប្រកួត​នេះ បន្ទាប់ពី​អាច​ស្វែងរក​គ្រាប់​ស៊ុត​បញ្ចូល​ទី​គូរ​ប្រកួត​បាន​ដល់​ទៅ ២​គ្រាប់​តែឯង ពោល​គ្រាប់​ទី​១​ នៅ​នាទី​ទី​២៦ បាន​យ៉ាង​ល្អ ​បន្ទាប់ពី​កំហុស​ខ្សែ​ការពារ​ហើយ​អ្នកចាំទី Manuel Neuer​ ឡើង​ផុត​ទី មុន​ពេល​ដែល​ម្ចាស់ផ្ទះ Bayern Munich សង​វិញ​តាម​ស្មើដោយ​កំហុស​ខ្សែ​ការពារ Joel Matip ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​ធ្វើ​ឲ្យ​ទស្សនិកជន​ក្នុង​កីឡដ្ឋាន Allianz Arena រីករាយ​ជា​ខ្លាំង​។​ ​ប៉ុន្តែ​បេក្ខភាព​ជើងឯក ៥​សម័យ Champions League មួយ​នេះ​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​វគ្គ​ទី​២ ក្នុង​នោះ​កីឡាករ​ខ្សែ​ការពារ​ថ្លៃ​ជាងគេ​លើ​លោក Virgil van Dijk ​តែ​ត​មួយ​ក្បាល​បញ្ចូល​ទី​បើក​ការ​នាំ​មុខជា​ថ្មី ២–១ ក្រោយ​លើក​បាល់​ចេញពី​ជ្រុង​ដោយ​ប្រធាន​ក្រុម James Milner ហើយ​អ្វី​កាន់តែ​ពិសេស​នៅ​ពេល​ដែល Mane ដដែល​ស៊ុត​គ្រាប់​ទី​៣ នៃ​ការប្រកួត​នឹង​ជា​គ្រាប់​ទី​២ របស់​ខ្លួន​ក្រោយ​បញ្ជូន​ចេញពី Mohamed Salah។

តាមរយៈ​លទ្ធផល​នេះ​ក្រុម​ហង្ស​ក្រហម Liverpool បាន​ក្លាយ​ជា​ក្រុម​របស់​អង់គ្លេស​ទី​៤ ដែល​ឈាន​ចូល​ទៅ​វគ្គ​ ៨​ក្រុម​ចុងក្រោយ ដែល​រួមមាន Manchester United, Manchester City និង Tottenham Hotspur ផង​ដែរ​។​ ការ​ចាប់​ឆ្នោត​ចាប់​គូរ​ប្រកួត​នៅ​ជុំ​ ៨​ក្រុម​ចុងក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ខណៈ​ការប្រកួត​ជើង​ទី​១ ធ្វើឡើង​នៅ​ថ្ងៃ​ទី​៩–១០ និង​ជើង​ទី​២ ធ្វើឡើង​ថ្ងៃ​ទី​១៦–១៧ ខែ​មេសា​ខាងមុខ​នេះ​ហើយ​៕