នៅទីបំផុត! លោក ហ៊ាង ម៉េងហួរ អ្នកនិពន្ធបទ “អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា” របស់នាយចឺម ក្នុងផលិតកម្មសាន់ដេ ចេញវីដេអូសុំទោសមហាជនជាសាធារណៈហើយ (មានវិដេអូ)
កម្សាន្ត
1.7K

កាលពីម្សិលមិញនេះ លោក ហ៊ាង ម៉េងហួរ ដែលជាអ្នកនិពន្ធបទចម្រៀងមួយរូបក្នុងផលិតកម្មសាន់ដេ និងជាអ្នកសរសេរបទ “អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា” បានចេញវីដេអូសុំទោសជាសាធារណៈដល់មហាជន និងក្រុមគ្រួសារកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រោយផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយបទថ្មីរបស់នាយចឺម “អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា” នៅក្នុងផលិតកម្មសាន់ដេ រងការរិះគន់ពីសំណាក់មហាជនជាច្រើន ព្រោះតែបានកែទំនុកច្រៀងថ្មី និងបទភ្លេងពីបទដើមរបស់កវីម្ចាស់ស្ទឹងសង្កែលោក គង្គ ប៊ុនឈឿន ចំណងជើងថា “ថ្ងៃដែលអូនចុកឈាម ឬ នឹកភូមិភ្នំធំ” បកស្រាយដោយអ្នកស្រី រស់ សេរីសុទ្ធា។ រឿងរ៉ាវហាក់តែធំឡើងក្រោយពីដំណឹងនេះបានលេចឮដល់ក្រុមគ្រួសារលោក គង្គ ប៊ុនឈឿន រហូតដល់ត្រៀមដាក់ពាក្យបណ្តឹងទៅផលិតកម្មសាន់ដេ និងក្រុមការងារដែលផលិតបទនេះឡើងព្រោះតែបានរំលោភកម្មសិទ្ធិបញ្ញាម្ចាស់ដើម។

លោក ហ៊ាង ម៉េងហួរ ដែលជាអ្នកនិពន្ធបទចម្រៀងមួយរូបក្នុងផលិតកម្មសាន់ដេ និងជាអ្នកសរសេរបទថ្មីនេះឡើង បានចេញវីដេអូសុំទោសជាសាធារណៈដល់មហាជន និងក្រុមគ្រួសារកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ផងដែរ។ លោកក៏បានទទួលស្គាល់ថាលោកពិតជាបានយកបទដើមមកកែទំនុកច្រៀងពិតមែន ព្រោះតែលោកមិនបានគិតវែងឆ្ងាយ សង្ឃឹមថាបងប្អូននឹងអធ្យាស្រ័យចំពោះរូបលោកផង ដោយលោកពិតជាដឹងកំហុសរបស់លោកហើយ។

គួរបញ្ជាក់ផងដែរថាបទថ្មីនេះបានលុបចោលភ្លាមៗ ក្រោយទទួលរងការរិះគន់៕