Ly Hour Leasing PLC

អ្នកសារព័ត៌មានម្នាក់និងបក្ខពួកម្នាក់ទៀតដែលជាគូកនឈ្មួញទិញលក់ដីក៏ល្បីឈ្មោះក្នុងខេត្តកំពង់ឆ្នាំងឈ្មោះ អៀ គុយម៉ុង ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកប្រាក់ជាង៤ម៉ឺនដុល្លារ

កំពង់ឆ្នាំង៖ អ្នកសារព័ត៌មានម្នាក់រួមជាមួយនិងបក្ខពួកម្នាក់ទៀតដែលជាគូរកនឈ្មួញទិញលក់ដីក៏ល្បីឈ្មោះក្នុងខេត្តកំពង់ឆ្នាំងលោក អៀ គុយម៉ុង ដែលកំពុងរត់គេចពីដីកាតាមចាប់ខ្លួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនសាកសួរ ពាក់ព័ន្ធនិងករណីឆបោកប្រាក់កក់ថ្លៃទិញដីប្រមាណ៤ម៉ឺនដុល្លារអាមេរិកពីជនរងគ្រោះម្នាក់ឈ្មោះ អ៊ឹម ឡាវីន ដែលទទួលបានប្រាក់កក់ហើយតែមិនមានការផ្ទេរប្លង់កម្មសិទ្ធិពីម្ចាស់ដីទៅអោយអ្នកទទួលទិញ ក៏ត្រូវកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០១៧ធ្វើការសាកសួរ និងបានបញ្ជូនបន្តតាមនីតិវិធីច្បាប់ទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការបន្ត។

បើយោងតាមពាក្យបណ្ដឹងរបស់លោក អ៊ឹម ឡាវីន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ 10C  ផ្លូវលេខ 236 ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា បានដាក់ពាក្យប្ដឹងឈ្មោះ សុខ គឹមសៀន ភេទប្រុសអាយុ៤៨ឆ្នាំមុខរបរជាអ្នកសារព័ត៌មានអង្គភាពក្នុងស្រុកមួយ មានទីលំនៅភូមិត្រពាំង៣ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងគូរកនចំនួន៣នាក់ទៀតមានទី១ឈ្មោះ ម៉ាត់ រ័ត្ន ទី២ឈ្មោះ អេង សំអាង និងទី៣ឈ្មោះ អ៊ិន ម៉ាន ដែលអ្នកទាំង៤នាក់នេះគឺជាអ្នកទទួលរៀបចំទិញដីពីប្រជាពលរដ្ឋចំនួន១៧៤ហិចតា នៅចំណុចភូមិដំណាក់អំពិល ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយលោក អ៊ឹម ឡាវីន បានព្រមព្រៀងធ្វើការទិញដីនេះដោយបានកក់ប្រាក់ចំនួន២លើក ដោយលើកទី១គឺបានកក់ប្រាក់នៅថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៧ ចំនួន៥០០០ដុល្លារអាមេរិកអោយទៅឈ្មោះ ម៉ាត់ រ័ត្ន ជាអ្នកទទួលប្រាក់កក់។ ហើយលើកទី២បានកក់ប្រាក់អោយទៅមនុស្សចំនួន៤នាក់ជាអ្នកទទួលប្រាក់កក់មាន ទី១ឈ្មោះ ម៉ាត់ រ័ត្ន ចំនួន១៥៩០០ដុល្លារ ទី២ឈ្មោះ សុខ គីមសៀន ចំនួន១០០០០ដុល្លារ ទី៣ឈ្មោះ អេង សំអាង ចំនួន៥៥០០ដុល្លារ និងទី៤ឈ្មោះ អ៊ិន ម៉ាន ចំនួន៧០០០ដុល្លារ អ្នកទាំង៤នាក់ដែលទទួលប្រាក់កក់នេះគឺយកប្រាក់ទៅអោយប្រជាពលរដ្ឋម្ចាស់ដី។

ដោយឡែក សុខ គីមសៀន បន្ទាប់ពីទទួលបានប្រាក់កក់ចំនួន១០០០០ដុល្លារក៏បានយកទៅប្រគល់អោយឈ្មោះ អៀ គុយម៉ុង ដែលជាឈ្មួញរកស៊ីទិញលក់ដីដ៏ល្បីនៅខេត្តកំពង់ឆ្នាំងដែលកំពុងរត់គេចខ្លួនពីដីកាតាមចាប់របស់តុលាការ ចំនួន៥០០០ដុល្លារ ដែលជាម្ចាស់ដីនោះ និងប្រគល់លុយអោយទៅឈ្មោះ ម៉ាត់ រ័ត្ន ចំនួន៤០០០ដុល្លារដែលជាអ្នកទៅទទួលយកលុយកក់ជុំគ្នានោះ។

លោកអនុសេនីយ៍ឯក លឹម ហាក់ ប្រធានមន្ទីរយុត្តិធម៌បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានអោយដឹងថាបន្ទាប់ពីទទួលពាក្យបណ្ដឹងលោកក៏បានអញ្ជើញឈ្មោះ សុខ គីមសៀន និងឈ្មោះ ម៉ាត់ រ័ត្ន មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងតាមពាក្យបណ្ដឹងជនរងគ្រោះដើម្បីធ្វើការសាកសួរនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ខែសីហាឆ្នាំ២០១៧ ក្រោយពេលសាកសួរចប់ទើបដឹងមូលហេតុថាជាករណីទិញលក់ដី ដោយទទួលយកប្រាក់កក់ហើយ មិនអាចផ្ទេរកម្មសិទ្ធិពីម្ចាស់ដីបាន ដោយជនរងគ្រោះឈ្មោះ អ៊ឹម ឡាវីន បានសុំទាមទារយកប្រាក់កក់មកវិញចំនួន ៤៣៤០០ដុល្លារអាមេរិក តែឈ្មោះ សុខ គីមសៀន និងឈ្មោះ ម៉ាត់ រ័ត្ន មិនព្រមព្រោះគ្មានលទ្ធភាពរកលុយអោយមកវិញហើយបដិសេធថាមិនបានទទួលបានលុយនោះឡើយ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញា យូ ទិត្យវឌ្ឍនៈ ក៏បានអនុញ្ញាតអោយកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនអ្នកទាំង២នាក់ចំនួន៤៨ម៉ោង។លុះនៅព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថក៏បានបញ្ជូនអ្នកទាំង២ទៅសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធី។

បើតាមការផ្ដល់បទសម្ភាសន៍ពីលោក សុខ គីមសៀន បានអោយដឹងថាចំពោះលុយ១០០០០ដុល្លារដែលលោកទទួលបាននៃការកក់នោះគឺបានតែចំនួន៩០០០ដុល្លារប៉ុណ្ណោះដោយម្ចាស់លុយក៏បានដឹងដែរថាបានកក់៩០០០ដុល្លារដោយគាត់បានដកប្រាក់ចំនួន១០០០ដុល្លារទុកព្រោះម្ចាស់លុយបានត្រូវរ៉ូវគ្នាជាឈ្មោះ ម៉ាត់ រ័ត្ន តែនៅក្នុងលិខិតសំរាប់កក់គឺគ្រប់១០០០០ដុល្លារ ដោយលោកបានអះអាងថាលោកមិនមែនអ្នកគួកចេដីទេហើយលុយទាំងនោះគឺបានទៅលើឈ្មោះ អៀ គុយម៉ុង និងឈ្មោះ ម៉ាត់ រ័ត្ន មិនពាក់ព័ន្ធនិងលោកទេ។ ចំណែកប្រពន្ធលោក សុខ គីមសៀន ឈ្មោះ គួន ណារ៉េត បានអោយដឹងថាប្ដីរបស់លោកស្រីគឺទៅទទួលលុយកក់តាមការបញ្ជាពីឈ្មោះ អៀ គុយម៉ុង ហៅក្ដាន់ដែលត្រូវជាមិត្តភក្ដិស្គាល់គ្នាបានពឹងអោយទៅជួយយកជំនួសដោយឈ្មោះ អៀ គុយម៉ុង មានធុរៈមករាជធានីភ្នំពេញមកបានទៅទទួលលុយកក់នោះទេ។ រីឯឈ្មោះ ម៉ាត់ រ័ត្ន យើងពុំអាចសុំការបំភ្លឺពាក់ព័ន្ធនិងករណីនេះបានទេដោយឈ្មោះ ម៉ាត់ រ័ត្ន ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនចូលទៅបន្ទប់សាលាដំបូងខេត្តកំពង់ឆ្នាំងភ្លាមៗមិនបានផ្ដល់បទសម្ភាសន៍។ TVFB និងព្យាយាមសុំការបំភ្លឺបន្ថែមពីឈ្មោះ ម៉ាត់ រ័ត្ន ពាក់ព័ន្ធនិងករណីនេះ ហើយTVFB រង់ចាំបំភ្លឺគ្រប់ភាគីសងខាងក្នុងករណីនេះដើម្បីអោយទទួលបានព័ត៌មានកាន់តែលំអិតបន្ថែមទៀត៕

 




អត្ថបទទាក់ទង៖