សុះ ម៉ាច ៖ ថាគ្មានការលើកលែងចំពោះបុគ្គល ដែលជាអ្នកនិពន្ធ អ្នកចម្រៀង និងតន្រ្តីករមួយចំនួន ដែលបាន កែច្នៃកាឡៃឲ្យខុសសាច់ភ្លេង ឬទំនុកច្រៀង ជាការបំផ្លាញ និងជាន់ឈ្លីវិរៈសិល្បៈករជំនាន់ដើម
កម្សាន្ត
2.88K

រាជធានីភ្នំពេញ ៖ ថ្មីៗនេះអតីតប្រធានសមាគមន៍សិល្បៈករខ្មែរពីរអាណត្តិ និងជាតារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានថ្លែងប្រាប់ ព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩នេះ និងបានបញ្ចេញប្រតិកម្មថា ៖ គ្មានការលើកលែងចំពោះបុគ្គល ដែលជាអ្នកនិពន្ធ អ្នកចម្រៀង និងតន្រ្តីករមួយចំនួន ដែលបាននឹងកំពុងតែមានចេតនាយកបទចម្រៀងមរតកដើម ទៅកែច្នៃកាឡៃឲ្យខុសសាច់ភ្លេង ឬទំនុកច្រៀង ដោយលោកចាត់ទុកថាជាការបំផ្លាញ និងជាន់ឈ្លីវិរៈសិល្បៈករជំនាន់ដើម។ លោកបន្តថា ៖ ឯណាទៅពាក្យថាអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈចម្រៀង?​ ចំណែកឯក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហាក់ដូចជាស្ងាត់ពេកហើយ ពោលគឺមិនឃើញមានបញ្ចេញប្រតិកម្មអ្វីសោះឡើយលើករណីនេះ។

កាលពីអាណត្តិរបស់ខ្ញុំកាន់ជាប្រធានសមាគមសិល្បករខ្មែរ ក្រសួងធ្លាប់ដាក់ចេញក្តីណែនាំម្តងរួចមកហើយ គឺហាមមិនឲ្យយកបទចម្រៀងមរតកដើមមកកែច្នៃកាឡៃទំនុកច្រៀង តែឥឡូវបែរជាមានអ្នកចម្រៀងច្រៀងយ៉ាងព្រោងព្រាត បែរជាក្រសួងដេកលក់ដូចចោរលួចសេះទៅវិញ។

តារាចម្រៀងជើងចាស់មានប្រជាប្រិយភាពលោក សុះ ម៉ាច បានសង្កត់ធ្ងន់ទៀតថា ករណីនេះគឺកំពុងតែនាំគ្នាបំផ្លាញស្នាដៃរបស់វិរៈសិល្បៈ និងកវីជំនាន់ដើម ហើយក៏បានធ្វើឲ្យក្មេងៗជំនាន់ក្រោយ កាន់តែមានការយល់ច្រឡំរាល់ស្នាដៃបទមរតកដើមទាំងអស់។

បើពួកគាត់យក​មកច្រៀងតាមលំនាំដើមគឺគ្មានបញ្ហាអ្វីទេ ប៉ុន្តែបែរជាយកមកកែច្នៃ កាឡៃទំនុកច្រៀង បទភ្លេង បណ្តាលឲ្យខូចនូវបទចម្រៀង​មរតកដើមស្ទើរទាំងស្រុង បទខ្លះស្រែកយក ជួនប្តូរពីស្រីទៅជាប្រុស ប្រុសមកជាស្រី តើពួកគាត់កំពុងមានចេតនាអ្វី?។

លោក សុះ ម៉ាច បានបញ្ជាក់ថា សកម្មភាពនេះអាចចាត់ទុកថា ជាចេតនាបំផ្លាញស្នាដៃបទមរតកដើម ហើយកាន់តែធ្វើឲ្យវិស័យសិល្បៈខ្មែរ គឺហាក់ងើបឡើងមិនរួចនោះឡើយ ព្រោះពួកគាត់គ្មានឆន្ទៈក្នុងការខិតខំផលិតបទចម្រៀងថ្មីៗ សម្រាប់យុគសម័យរបស់ពួកគាត់ផង។

ដូច្នេះ​មានន័យថាវិស័យសិល្បៈក៏គ្មានអ្វីរីកចម្រើនជឿនលឿនទៅមុខទេ ដោយសារតែគំណិតអត់មានការផ្លាស់ប្តូរ គឺនៅតែអង្គុយចាំចម្លងបទចម្រៀង ដែលគេមានស្រាប់ៗមកច្រៀង ឬយកបទបរទេសមកកែច្នៃ កាឡៃច្រៀងធ្វើរបស់ខ្លួនឯង។តារាចម្រៀងលោក សុះ ម៉ាច បានបន្ថែមថា ការអំពាវនាវ ឬបញ្ចេញមតិរបស់ខ្ញុំ បានត្រឹមតែគេស្អប់ តែខ្ញុំគិតថា ទោះបីជានណាស្អប់ក៏ស្អប់ទៅ ព្រោះអ្វីដែលខ្ញុំនិយាយនេះដើម្បីតែវិស័យសិល្បៈប៉ុណ្ណោះ។ ម្យ៉ាងទៀតគឺគ្មានចេតនាច្រណែនឬនិន្ទានណានោះឡើយ ពោលគឺធ្វើដើម្បីផលប្រយោជន៍សិល្បៈ ខ្ញុំគ្មានការចង្អៀតចង្អល់នោះទេ បើសិនជាយកបទមរតកដើមមកច្រៀងក្នុងន័យអប់រំដល់សង្គមជាតិ ខ្ញុំនឹងមានឆន្ទៈដោយសប្បាយរីករាយបំផុត។

សូមបញ្ជាក់ថា ការលើកឡើងរបស់អតីតប្រធានសមគមសិល្បករខ្មែរលោក សុះ ម៉ាច ខាងលើនេះ បានធ្វើឡើង ស្របពេលដែលកំពុងផ្ទុះសង្គ្រាមរិះគន់លើតារាចម្រៀង និងអតីតអ្នកកំប្លែងនាយ ចឺម ដែលបានបញ្ចេញផ្សព្វផ្សាយនូវបទចម្រៀងមានចំណងជើងថា «អូនមាន សមនឹងអ្នកមានដូចគ្នា» ដែលបទនេះគឺជាការចំឡងចម្រៀងមរតកដើម ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា មានចំណងជើងថា «នឹកភូមិភ្នំធំ»៕