ក្របួចមន្ត្រីទាហានម្នាក់រកស៊ីជួញដូរថ្នាំញៀន មានកាំភ្លើងខ្លីនិងកាំភ្លើងវែងបម្រុងបាញ់តដៃសមត្ថកិច្ច
ព័ត៌មាន
877

ខេត្តកណ្តាល៖ មន្ត្រីយោធាម្នាក់ ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន ដកហូតបាន កាំភ្លើងខ្លី និងវត្ថុតាង មួយចំនួនទៀត ទាក់ទិនករណី គ្រឿងញៀន កាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃចន្ទ ៧ កើត ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ សូរិទ្ធី សត្យា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា មានទីលំនៅ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ជាមុខសញ្ញា ជួញដូរគ្រឿងញៀន ។ ក្នុងពេលបង្រ្កាបនិងឃា​ត់​ខ្លួនជនសង្ស័យរូបនេះមានកាំភ្លើងខ្លីបម្រុងបាញ់តដៃសមត្ថកិច្ចតែសមត្ថកិច្ចក្របួចទាន់ និងបាន រឹបអូសយកវត្ថុតាង រួមមាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យថា សារធាតុញៀន ចំនួន ២កញ្ចប់ ទូរសព្ទដៃ ១គ្រឿងកាំភ្លើងខ្លី ១ដើម ម៉ាកឡុក របស់ចិន បង់២ និងគ្រាប់ មួយគ្រាប់ ។ ក្រោយមកបានឆែកឆេរក្នុងផ្ទះដកហូតបានបង់កាំភ្លើងវែងប្រភេទ អឹមសី១ដើម និងគ្រាប់ មួយចំនួន រថយន្ត១គ្រឿង ត្រូវបានបញ្ជូនទៅ មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី៕