រថយន្ត៣គ្រឿង សាកកម្លាំងគ្នាលាន់ដូចរន្ទះ របួសមនុស្ស៥នាក់នៅខេត្តកំពង់ស្ពឺ
ព័ត៌មាន
775

កំពង់ស្ពឺ៖ រថយន្តចំនួន៣គ្រឿង បានបុកគ្នាពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យមនុស្សចំនួន៥នាក់រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤២-៤៣ ភូមិចំបក់ ឃុំវលិ្លសរ ស្រុកសំរោង ខេត្តកំពង់ស្ពឺ ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ្វុយហ្សូ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ព្រះសីហនុ 3A-1517 បើកបរពីលិចទៅកើត ដល់ចំណុចកើតហេតុខាងលើ បានបុករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរី ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2B-6561 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្ស៤នាក់ទៀត ស្នាក់នៅក្នុងស្រុកសុំឡូត ខេត្តបាត់ដំបង បើកបរពីលិចទៅកើត ត្រូវរថយន្តបុកពីក្រោយខ្ទៀតទៅឆ្វេងដៃទៅបុកជាមួយរថយន្ត១គ្រឿងម៉ាកហ្វាយឡែនន័រ ពណ៌ត្រួយចេក បើកពីកើតទៅលិចយ៉ាងពេញទំហឹងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕