ខឹងជនរងគ្រោះដាក់ទឹកសាប៊ូចូលទឹកថ្នាំរបស់ខ្លួន យកដើមប្រេងខ្យល់វាយបែកក្បាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ព័ត៌មាន
244

ស្វាយរៀង៖ បុគ្គលិកផ្នែកអនាម័យ បម្រើការងារក្នុងកាស៊ីណូពិភពថ្មីម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួន បន្ទាប់ពីប្រើហិង្សាដោយយកដើមប្រេងខ្យល់ វាយក្បាលបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយខឹងជនរងគ្រោះដាក់ទឹកសាប៊ូចូលទឹកថ្នាំរបស់ខ្លួន។ ហេតុការណ៍នេះដែរបានកើតឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអគារស្នាក់នៅបុគ្គលិក កាស៊ីណូពិភពថ្មី ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ម៉ឹង ឡេង អាយុ២៧ឆ្នាំ មុខរបរកម្មករ អនាម័យនៅកាស៊ីណូពិភពថ្មី មានទីលំនៅភូមិថ្មី ឃុំវិហារលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ចំណែកជនរងគ្រោះដែលជាបុគ្គលិកផ្នែកអនាម័យដូចគ្នាមាន ឈ្មោះ ​កែវ ទិត្យ អាយុ២៣ឆ្នាំ មុខរបរកម្មករអនាម័យនៅកាស៊ីណូ ពិភពថ្មីមានទីលំនៅភូមិសំឡត្រាវ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។ ចម្លើយរបស់ជនសង្ស័យបាន សារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន ខណៈខឹងជនរងគ្រោះដែលបម្រើការងារជាមួយគ្នា បានយកទឹកសាប៊ូចាក់ចូលទឹកថ្នាំរបស់ខ្លួន ទើបទ្រាំមិនបានក៏បានយកដើមប្រេងខ្យល់វាយ ទៅលើក្បាល១ដំបង បណ្ដាលឲ្យរងរបួសដោយត្រូវគ្រូពេទ្យដេអស់៨ថ្នេរ ។ 

ករណីនេះដែរសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕