ចោរអស់លក្ខណ៍! ​​ឆក់កាបូបស្រ្តីម្នាក់បានហើយតែរត់មិនរួច ជាប់ខ្នោះរបស់សមត្ថកិច្ច
ព័ត៌មាន
410

​សៀមរាប៖ នៅថ្ងៃទី១២ ​ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលក្រុងសៀមរាបបានបញ្ជូន ជនសង្ស័យម្នាក់ និងសំណុំរឿង ទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះ កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង​៧​និង​៣០នាទី នៅចំណុចតាមបណ្តោយផ្លូវ ជា ស៊ីម ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។

ជនសង្ស័យមាន ឈ្មោះ ម៉ង់ ម៉ន ភេទប្រុស អាយុ​២៤ឆ្នាំ រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប មុខរបរកម្មករសំណង់ និងរត់ម៉ូតូឌុប នៅពេលយប់​ប្រើប្រាស់មធ្យោបាយ ម៉ូតូឌ្រីម ពណ៌ខ្មៅ១គ្រឿង ស៊េរី២០១១ ពាក់ស្លាកលេខ បាត់ដំបង​2K-6268 ធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះឈ្មោះ រ.ម.ន ភេទស្រី អាយុ​១៨ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។

ជនសង្ស័យ ក្រោយធ្វើសកម្មភាពហើយ បានជិះម៉ូតូសំដៅទៅទិសខាងកើតបានប្រហែល៥០០ម៉ែត្រ ដល់ចំណុចការ៉ាសសាំងតេលា ក្នុងភូមិខ្នារ ក៏ត្រូវបានប្រជាពលរដ្ឋនិងប្រជាការពារភូមិខ្នារ រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ឃាត់បាន និងដកហូតបានវត្ថុតាង ជាការបូបពណ៌ខ្មៅរបស់ជនរងគ្រោះមកវិញ​។

ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿង​ បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាតាមផ្លូវច្បាប់៕