កូនអប្រិយ ឡូឡាក្នុងផ្ទះនិងវាយឪពុក ចុងក្រោយឪពុកទ្រាំលែងបានទាញដែកជ្រុងវាយសម្លាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួន
ព័ត៌មាន
884

កណ្តាល៖ ករណីឃាតកម្មមួយបានកើតឡើង ដោយជនសង្ស័យជាឪពុកបានយកដែកជ្រុងជន្ទល់ទ្វារ វាយសម្លាប់កូនចិត្តខ្លាំងដែលឡូឡាអុកឡុកក្នុងផ្ទះ និងវាយសូម្បីតែឪពុកឯង តែចុងក្រោយឪពុកទ្រាំលែងបានក៏វាយសម្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្រោមផ្ទះ ជនរងគ្រោះ ភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិឃុំកើតហេតុ មានប្រពន្ធកូន០២នាក់ស្រី ហើយបានលែងលះគ្នាជាង២ឆ្នាំមកហើយ ដោយមិនអាចទ្រាំរស់នៅជាមួយប្ដីបាន ។

តាមរយៈកិច្ចប្រតិបត្តិការ បើកការស៊ើបអង្កេត ស្រាវជ្រាវយ៉ាងសកម្មភ្លាមៗ ដោយបានការចង្អុលដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល មន្ត្រីជំនាញ បច្ចេកទេសនិងវិទ្យាសាស្ត្រ រួមជាមួយមន្ត្រីជំនាញ ការិយាព្រហ្មទណ្ឌកម្រិតធ្ងន់បានចុះពិនិត្យទីកន្លែងកើត ហេតុពិនិត្យសាកសព ចាប់យកវត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុនិង

បានប្រមូលប្រភពព័ត៌មានពីប្រជាពលរដ្ឋ ជុំវិញទីកន្លែងកើតហេតុ ទើបសមត្ថកិច្ចឈានដល់ការកំណត់បាន មុខសញ្ញាជនសង្ស័យ ជាឃាតក ពាក់ព័ន្ធករណី ឃាតកម្ម។

ជនសង្ស័យមានឈ្មោះ ផង់ ជាង ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅស្នាក់នៅជាមួយជនរងគ្រោះ (ត្រូវជាឪពុកបង្កើត ជនរងគ្រោះ)។

ក្នុងនោះដែរ វត្ថុតាងចាប់យករួមមាន ៖ ដំបងដែកបួនជ្រុងប្រហោងក្នុងរាងជាលេខ

៧ប្រវែង ១,១០*២,៥cm មានប្រឡាក់ឈាម , ដំបងឈើសំប៉ែតចុងស្រួច ប្រវែង១ម៉ែត្រ ទំហំ២៦ cm , អាវដៃវែងក្រណាត់ពណ៌ផ្ទៃមេឃ និង ខោខ្លីប្រភេទកីឡាពណ៌ទឹកដោះ គោ មានឆ្នូត ចំហៀង ៣ឆ្នូត ពណ៌ខៀវ ជារបស់ជនសង្ស័យស្លៀកធ្វើ សកម្មភាព។

មុនពេលកើតហេតុ នៅថ្ងៃទី១០ កុម្ភៈ ២០១៩ វេលាម៉ោង ៦ល្ងាចនាទី ជនសង្ស័យឈ្មោះ ផង់ ជាង បានទៅហូបការគេជាមួយចៅស្រីអាយុ ៤ឆ្នាំ នៅក្នុងភូមិ ដោយផឹកស្រាបៀរអស់ ២កំប៉ុង រហូតដល់ម៉ោង ៨និង១០នាទី ទើបត្រឡប់មកផ្ទះវិញដោះ តែខោ មិនបានដោះអាវទេគឺអាវដៃវែងពណ៌ផ្ទៃ មេឃ ស្លៀកខោជើងខ្លីចូលដេកក្នុងបន្ទប់ក្រោមផ្ទះ។ ពេលកំពុងដេកនៅវេលាម៉ោងប្រហែល ២រំលងអាធ្រាត្រ ស្រាប់តែជនរងគ្រោះជាកូនឈ្មោះ ផង់ បាន ត្រឡប់មកពីហូបការគេក្នុងភូមិ ស្រែកឡូឡាជេរជនសង្ស័យជាឪពុក ជនសង្ស័យបានតបវិញថា ឡូឡាអីថ្មើរហ្នឹងហើយមិនចូលដេក ស្រាប់តែជនរងគ្រោះស្ទុះយកដំបងឈើជ្រុង វាយជនសង្ស័យតែគេចផុត រួចនៅបន្តជេរជនសង្ស័យដដែល ឆ្លៀតជនរងគ្រោះដើរទៅដេកលើអង្រឹងក្រោមផ្ទះ ជនសង្ស័យក៏ចូលក្នុងបន្ទប់ទាញយកដែកជ្រុង ជន្ទល់ទ្វារ ស្ទុះទៅវាយជនរងគ្រោះរហូតស្លាប់ រួចបោះដែកចោលខាងលិចផ្ទះ ហើយចូលសម្រាកទល់ភ្លឺ រហូតព្រឹកឡើងមានការភ្ញាក់ផ្អើល ទើបដឹងពីហេតុការណ៍ ថាជនរង គ្រោះស្លាប់នៅក្រោមផ្ទះបាត់ទៅហើយ៕