លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញមុខព្រលះលោក ថេណា ថា ជាមនុស្សកំពុងបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុលសង្គម និងបំផ្លាញខ្លួន ក្នុងវិស័យវប្បធម៌ជាតិខ្មែរ
ព័ត៌មាន
4.13K

ភ្នំពេញ៖ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញមុខព្រលះលោក ថេណា ដែលជាតារាចម្រៀង Original Song ដោយលោក សសេរ រៀបរាប់ ថា ៖ « ទស្សនៈយ៉ាងម៉េចហ្នឹង ដែលអាចបង្កើតគំនិតផលិតស្នាដៃរបៀបនេះ ?! ជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេស ចំពោះប្អូនៗយើងជំនាន់ក្រោយ ! តែនេះមិនអ៊ីចឹងទេ បែជាបន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួនទៅវិញ ។ មិនយល់ ! តើសង្ឃឹមមានអ្នកគាំទ្រភាពលីលានេះបានប៉ុន្មាននាក់ទៅហ្នឹង ? បើគ្រាន់តែងើបក្បាលមកត្រូវមហាជនសំពងយ៉ាងតំណំទៅហើយនោះ ! យករឿងដាក់ខ្លួនមែន !!!.. បើគាត់ហ៊ានពើងទ្រូង Rap អាសអាភាសជាសាធារណៈដូចនេះ ខ្ញុំសូមដាក់ជូនបាល់មួយគ្រាប់នេះ ជូនសាធារណជនលោកមេត្តាចូលរួមដាក់ពិន្ទុតាមការគួរ !

ដោយគោរពពីមន្ត្រីម្នាក់នៃស្ថាប័នវប្បធម៌ជាតិ »

ការចេញមុខព្រលះខ្លាំងៗពីមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌បែបនេះ ធ្វើឡើងបន្ទាប់ពីលោក ថេណា បានផ្សព្វផ្សាយចម្រៀងមួយបទមានចំណងជើងថា «អេម» ដែលមានខ្លឹមសារអាសអាភាសមិនអាចទទួលយកបាន និងគ្មានវិជ្ជាជីវៈជាអ្នកចម្រៀងឡើយ។ អត្ថន័យរបស់បទដែលមានចំណងជើងថា «អេម» ក៏បានបង្ហាញពីសាច់រឿង បង្កើតភាពស្រើបស្រាលឲ្យយុវជន ហ៊ានប្រព្រឹត្តរឿងចាកគន្លងសីលធម៌ខ្មែរ នៅក្នុងថ្នាក់រៀនទៀតផង ខណៈដែលរាជរដ្ឋាភិបាលកំពុងចេញសេចក្តីអំពាវនាវ ជាបន្តបន្ទាប់កុំឲ្យយុវវ័យ ធ្វើរឿងមិនសមរម្យក្នុងរដូវការបុណ្យទិវានៃក្តីស្រលាញ់ ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ។

ក្រៅពីលោក ថៃ នរៈសត្យា ក៏គេសង្កេតឃើញថា មានយុវជនខ្មែរយ៉ាងច្រើន បានចេញមុខរិះគន់យ៉ាងចាស់ដៃ ចំពោះបទចម្រៀងរបស់លោក ថេណា។ ជាមួយគ្នានេះ មានអ្នកប្រើប្រាស់ Facebook ខ្លះទៀតបានសំណូមពរឲ្យស្ថាប័នមានសមត្ថកិច្ច ជួយចាត់ការតាមនីតិវិធីចំពោះលោក ថេណា ផងដែរ។ យ៉ាងណា នៅសល់បីថ្ងៃទៀត ខណៈដែលទិវានៃក្តីស្រឡាញ់ ត្រូវនឹងថ្ងៃទី១៤ កុម្ភៈ ជិតឈានចូលមកដល់នោះ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ, អប់រំ, ពន្យល់ណែនាំ, ក្រើនរំលឹក ដល់បងប្អូនកូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឲ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន, របស់ក្រុមគ្រួសារ, ពិសេសដើម្បីរួមចំណែកលើក កម្ពស់កិត្យានុភាពនៃសង្គមជាតិ។

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បច្ចុប្បន្នទិវានៃក្តីស្រលាញ់នេះ បាននិងកំពុងជ្រៀតចូលមកក្នុង សង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឲ្យមនុស្សមួយចំនួន បានទទួលយក និងប្រើប្រាស់ ដោយភាពភ័ន្តច្រឡំ នាំឲ្យមានផលប៉ះពាល់ ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិទៀតផង៕