ហឹង្សានាំមកវិប្បដិសារី! កូនប្រុសបង្កើតជេឪពុកមិនអស់ចិត្តយកដែកមកវាយឪពុកតែមិនត្រូវ មានអីយប់ជ្រៅឪពុកទាញដែកទីបសំពងឲ្យក្ស័យវិញ ព្រឹកឡើងត្រូវសមត្ថកិច្ចឃាត់ខ្លួន
ព័ត៌មាន
1.06K

កណ្តាល៖ សមត្ថកិច្ចចុះស្រាវជ្រាវនិងធ្វើកំណត់ហេតុដោយឃាត់ខ្លួនបុរសចំណាស់ម្នាក់ជាឪពុក ក្រោយពីបានទាញដំបងដែកវាយទៅលើកូនប្រុសបង្កើតខ្លួនរហូតដល់ក្ស័យ ខណៈជនរងគ្រោះនិងជនសង្ស័យបង្កជម្លោះឈ្លោះគ្នាក្រោយពីត្រឡប់មកពីស៊ីការគេវិញទាំងកណ្តាលយប់ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី ១១ កុម្ភៈ ២០១៩ នៅចំណុចក្រោមផ្ទះ ភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិ-ឃុំកើតហេតុ ។

ចំណែកជនសង្ស័យឈ្មោះ ផង់ ជាង ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅស្នាក់នៅជាមួយជនរងគ្រោះ (ត្រូវជាឪពុកបង្កើតជនរងគ្រោះ)។ សមត្ថកិច្ចដកហូតវត្ថុតាងចាប់យក៖

១.ដំបងដែកបួនជ្រុងប្រហោងក្នុងរាងជាលេខ៧ប្រវែង ១,១០*២,៥

cm មានប្រឡាក់ឈាម ។

២.ដំបងឈើសំប៉ែតចុងស្រួច ប្រវែង១ម៉ែត្រ ទំហំ២*៦ cm ។

៣.អាវដៃវែងក្រណាត់ពណ៌ផ្ទៃមេឃ និង ខោខ្លីប្រភេទកីឡាពណ៌ទឹកដោះ គោ មានឆ្នូត ចំហៀង ៣ឆ្នូត ពណ៌ខៀវ ជារបស់ជនសង្ស័យស្លៀកធ្វើ សកម្មភាព។

ស្ថានភាពសពជនរងគ្រោះ សភាព សាកសព ដេកផ្កាប់មុខ ក្បាលបែរទៅទិសខាងត្បូង ក្បែរអង្រឹងក្រោមផ្ទះ ។

-មានស្នាមរបួសលើថ្ងាសចំហៀងខាងស្តាំ ៦ កន្លែង ផុង បែកលលាដ៏ក្បាល បាក់ក្ដោងច្រមុះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី ១០ កុម្ភៈ ២០១៩ វេលាម៉ោង ៦ល្ងាច ជនសង្ស័យ ឈ្មោះ ផង់ ជាង (ឪពុក) បានទៅហូបការគេជាមួយចៅស្រីអាយុ ៤ឆ្នាំ នៅក្នុងភូមិ ដោយផឹកស្រាបៀរអស់ ២កំប៉ុង រហូតដល់ម៉ោង ៩និង១០នាទីយប់ ទើបត្រឡប់មកផ្ទះវិញដោះ តែខោ មិនបានដោះអាវទេគឺអាវដៃវែងពណ៌ផ្ទៃ មេឃ ស្លៀកខោជើងខ្លីចូលដេកក្នុងបន្ទប់ក្រោមផ្ទះ។ ពេលកំពុងដេកនៅវេលាម៉ោងប្រហែល២រំលងអាធ្រាត ស្រាប់តែជនរងគ្រោះជាកូនឈ្មោះ ផង់ បាន ត្រឡប់មកពីហូបការគេក្នុងភូមិ ស្រែកឡូឡាជេរជនសង្ស័យជាឪពុក ឯជនសង្ស័យបានតបវិញថា (ឡូឡាអីថ្មើរនឹងហើយមិនចូលដេក) ក៏ស្រាប់តែជនរងគ្រោះ(កូន) ស្ទុះយកដំបងឈើជ្រុង វាយជនសង្ស័យ តែគេចផុត រួចនៅបន្តជេរជនសង្ស័យដដែល ឆ្លៀតជនរងគ្រោះដើរទៅដេកលើអង្រឹងក្រោមផ្ទះ ជនសង្ស័យក៏ចូលក្នុងបន្ទប់ទាញយកដែកជ្រុង ជន្ទល់ទ្វារ ស្ទុះទៅវាយជនរងគ្រោះរហូតស្លាប់ រួចបោះដែកចោលខាងលិចផ្ទះ ហើយចូលសម្រាកទល់ភ្លឺ ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានបើកការស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕