រន្ធត់! ជិះម៉ូតូឌុបគ្នា បើកវ៉ារថយន្តមិនផុត ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់
ព័ត៌មាន
818

កណ្ដាល៖ ជិះម៉ូតូឌុបគ្នា បើកជែងរថយន្ដមួយគ្រឿង ក្នុងទិសស្របទិសគ្នា តែវ៉ាមិនផុតបានបុករថយន្ដមួយគ្រឿង បើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ១៥និង១០នាទី លើកំណាត់ផ្លូវលេខ២០បេ ស្ថិតក្នុងភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ។

សពជនរងគ្រោះឈ្មោះ អឿន សំអាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បើកបរម៉ូតូម៉ាកហុងដាវ៉េវ ធុនសេ១០ ពណ៌ខ្មៅ គ្មានស្លាកលេខ រួមអ្នករួមដំណើរម្នាក់ឈ្មោះ អឿន អែម ភេទប្រុស អាយុ២០ឆ្នាំ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិពោធិ៍ដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ចំណែកភាគីខាងរថយន្ដម៉ាកសាំយ៉ុង ប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-7981 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០បេ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានអ្នករួមដំណើរ ជាមួយម្នាក់ផងដែរ លុះបើកមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបន្ថែមល្បឿន វ៉ាជែងរថយន្ដមួយគ្រឿង បើកស្របទិសគ្នានៅខាងមុខ តែវ៉ាមិនផុតក៏បានបុករថយន្ដម៉ាកសាំយ៉ុងមួយគ្រឿងទៀត ក្នុងទិសដៅច្រាស់គ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែង រីឯអ្នករួមដំណើរពីក្រោយរងរបួសធ្ងន់ ។

ភ្លាមៗផងដែរអ្នកបើកបររថយន្ដ បានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍ ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។

ដោយឡែករថយន្ដ និងម៉ូតូ ត្រូវបាននគរបាលជំនាញចរាចរណ៍ស្រុក ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕