បុគ្គល ហេង យិន ហៅ ចំប៉ីខ្មៅ ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃនេះ
ព័ត៌មាន
1.3K

រាជធានីភ្នំពេញ​៖ បុគ្គល ហេង យិន​ ជាភេទទី៣ ដែលល្បីក្នុងបណ្ដាញសង្គម Facebook ឈ្មោះ «ចំប៉ីខ្មៅ» និងមានឈ្មោះក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថា "យិន ហេង" ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅក្នុងហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងនៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ការចាប់ខ្លួនយុវជនភេទទី៣រូបនេះ ក្រោមការបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ និងដោយមានការផ្ដល់ព័ត៌មានថា បានប្រទះឃេីញយុវជនភេទទី៣រូបនេះ កំពុងបង្ហាញខ្លួន​ ទេីបកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វេីការឃាត់ខ្លួនបាន នៅក្នុងហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ហេីយបញ្ជូនឡេីងរថយន្តនាំខ្លួនមកធ្វេីការសាកសួរបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដោយមានការចូលរួម​ពីលោក​ សុខ​ ពេញវុធ អភិបាលខណ្ឌដូនពេញផងដែរ។

សូមជម្រាបថា ក្នុងហេតុការណ៍នេះ គេបានសង្កេតឃើញ មានវត្តមានលោកឧកញ៉ា ហ៊ុន ជា នៅខាងមុខអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ និងបានផ្ដល់​បទសម្ភាសន៍​ប្រាប់ភ្នាក់ងារ​ TVFB ​និងក្រុមអ្នកសារព័ត៌មានជាច្រេីនទៀតថា លោកមកនេះ គឺមកក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ ដោយមិនយកបុណ្យស័ក្ត តួនាទី ឬត្រកូលអ្វីមកនោះឡើយ លោកបន្តថា លោកសូមចូលរួមគាំទ្រពេញទំហឹង និងសូមថ្លែងការកោតសរសេីរក្នុងនាមជាកូនខ្មែរ​ និងជាជនរួមជាតិ សាទរចំពោះអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានដុតដៃដុតជេីង សហការគ្នា​ធ្វេីការឃាត់ខ្លួន យុវជនភេទទី៣ ដែលប្រមាថជាតិសាសន៍ខ្មែរជាសាធារណៈនេះ​ យកមកធ្វេីការសាកសួរ​និងចាត់ការបន្តតាមច្បាប់នេះ។

លោក​វរសេនីយ៍ឯក​ ទៀង​ ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ ក៏បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយេីងដែរថា យុវជនដែលជាភេទទី៣ ល្បីក្នុងបណ្ដាញសង្គម Facebook ឈ្មោះ «ចំប៉ីខ្មៅ» និងមានឈ្មោះក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថា "យិន ហេង" ឈ្មោះ យិន ហេង អាយុ២៣ឆ្នាំ ទីកន្លែងកំណើតឃុំកំពង់ប្រណាក់ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អាស័យដ្ឋានភូមិអណ្ដូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា​ចំពោះការឃាត់ខ្លួននេះ​ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ​ខ្មែរនៅក្នុងបណ្ដាញសង្គម​ បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ក្រោយពីបុគ្គលភេទទី៣នេះ​ ចេញវិដេអូជេប្រមាថជាតិសាសន៍ខ្មែរជាសាធារណៈ កាលពីវេលាយប់​ថ្ងៃទី០៤​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ ទេីបនាំគ្នាចែកចាយ និងអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាចាត់វិធានការលេីបុគ្គលនេះ តែក្នុងរយៈពេល​ជិត២៤ម៉ោង​ យុវជនភេទទី៣នេះ ត្រូវបានឃាត់ខ្លួនបាន ដែលធ្វេីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ សាទរនិងគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការផ្លូវច្បាប់ របស់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់​ ដែលសហការគ្នាបានយ៉ាងល្អនេះ។

លោក​ឧកញ៉ា​ ហ៊ុន​ ជា ក៏បានបញ្ជាក់នៅក្នុង​ហ្វេសប៊ុក​របស់លោកផ្ទាល់ដែរ​ថា "ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប​ក៏ដូចជាប្រជាពលរដ្ឋទូរទាំងប្រទេសកម្ពុជាទាំងអស់​ ពិតជាសប្បាយរីករាយណាស់ដែលបានឃេីញសមត្ថកិច្ចចាត់វិធីការ(នាំខ្លួន)បុគ្គលឈ្មោះ យិន ហេង ហៅ "ចំបុីខ្មៅ" ដែលបានជេរប្រមាថ មេីលងាយដល់ជាតិសាសន៍ខ្មែរយេីងទាំងមូលក៏ដូចជាការប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃយេីងផងដែរ ដេីម្បីបញ្ជូនខ្លួនទៅតុលាការអនុវត្តទោស អោយសមទៅនិងអ្វីដែលវាបានប្រព្រឹត្ត។ ឆ្លៀតក្នុងឱកាសនេះខ្ញុំបាទក៏សូមអគុណដល់សមត្ថកិច្ចខណ្ឌដូនពេញ និងបងប្អូនបណ្តាញសារពត៌មានទាំងអស់ ដែលបានសហការផ្តល់ដំណឹង និងស្វែងរកចាប់ខ្លួនបុគ្គលនោះ យកមកផ្តន្ទាទោសតាមច្បាប់។ ខ្មែរស្រលាញ់ខ្មែរ ខ្មែរដេីម្បីខ្មែរ ហ៊ុន ជា។

បច្ចុប្បន្នក្រោយពីកើតហេតុ​ យុវជនភេទទី៣​ខាងលេី​ ត្រូវបានសមត្ថកិច្ច​ខណ្ឌដូនពេញ​ បានកសាងសុំណំរឿង​បញ្ជូនទៅតុលាការ​ ដេីម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕