ក្រុមម្ចាស់ការពារតំណែងជើងឯក៤សម័យកាល Juventus ធ្លាក់ចេញពីពាន Coppa Italia ក្រោមស្នាដៃក្រុម Atalanta

ក្រុមម្ចាស់ការពារតំណែងជើងឯក៤សម័យកាល Juventus បានធ្លាក់ចេញពីពាន Coppa Italia កាលពីថ្ងៃពុធ តាមរយៈការចាញ់ក្នុងវគ្គ៨ក្រុមចុងក្រោយក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុម Atalanta។

ក្រុម Juventus កំពុងតែសម្លឹងរកការឈ្នះពានក្របខ័ណ្ឌលីក និងពាន Coppa Italia ជាលើកទី៥ជាប់ៗគ្នា នៅរដូវកាលនេះ។ ប៉ុន្តែ ខ្សែប្រយុទ្ធ Duvan Zapata បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្រោយពីគ្រាប់បាល់បើកឆាករបស់កីឡាករ Timothy Castagne ដើម្បីជួយឲ្យក្រុម Atalanta ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងដើម្បីជួបជាមួយនឹងក្រុម Fiorentina។

ក្រុម Juventus របស់ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈ្នះពានជាលើកទី១នៅរដូវកាលនេះ តាមរយៈការលើកពាន Italian Super Cup កាលពីដើមខែនេះ។ ប៉ុន្តែ ពួកគេបានរងបរាជ័យជាលើកទី១របស់ពួកគេក្នុងយុទ្ធនាការក្នុងស្រុក នៅរដូវកាលនេះ ខណៈដែលពួកគេកំពុងតែនាំមុខ និងមិនស្គាល់ចាញ់សោះក្នុងការប្រកួតក្របខ័ណ្ឌ Serie A។

លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus និងត្រូវបានហាមមិនឲ្យឈរក្បែរខ្សែបន្ទាត់នៃទីលានប្រកួតសម្រាប់ការតវ៉ានោះ បានឲ្យដឹងថា៖ «មានតែមនុស្សប៉ុណ្ណោះដែលមិនតែងតែស្ថិតក្នុងកម្រិតកំពូល»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំមិនដឹងពីចំនួននៃការប្រកួតដែលកីឡាករបានឈ្នះឡើយ។ 

ក្នុងទីក្រុងរ៉ូម យើងមានបញ្ហាតិចតួចក្នុងតង់ទី១ ប៉ុន្តែ យើងបានវាយបកវិញ។ នៅល្ងាចនេះ រាល់អ្វីៗទាំងអស់ដំណើរការមិនល្អ។ វានឹងក្លាយជារឿងឆ្កួតលេលា ក្នុងការគិតថា យើងអាចឈ្នះរាល់ការប្រកួត។ វាពិតជាឈឺចាប់ក្នុងការធ្លាក់ចេញ ពីព្រោះយើងពិតជាចង់ឈ្នះពាននេះ»៕