ចាប់ចោរប្លន់មុខស្រស់បានហើយ ! ចោរប្លន់ នារីរូបស្អាតម្នាក់ នៅផ្ទះសំណាក់បៃតងកាលពីប៉ុន្មានថ្ងៃមុន ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបាននៅខណ្ឌពោធិ៍សែនជ័យ
ព័ត៌មាន
5.41K

ភ្នំពេញ៖ ករណីស្គាល់គ្នាតាម Facebook មួយខែ ហើយណាត់ចូលផ្ទះសំណាក់បៃតង រួចធ្វើសកម្មភាពប្លន់យកទ្រព្យពីនារីស្រស់ស្អាតម្នាក់អស់ ប្រមាណ៣,០០០ដុល្លារនោះ ពេលនេះកម្លាំង អាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការ ជាមួយ កម្លាំង ជំនាញ នៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីអាវុធហត្ថខណ្ឌរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួននេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ដោយជនសង្ស័យឈ្មោះ ឌីណា ពុទ្ធិសាក់ ហៅក្រៅទី អាយុ ២១ មុខរបរសិស្សសាលា មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិអង្គកែវ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សូមជម្រាបថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពបោកនារីស្រស់ ស្អាតលក់ទំនិញ Onlinម្នាក់ ដែលស្គាល់គ្នាតាម Facebook ឲ្យទៅជួបរូបគេនៅផ្ទះសំណាក់បៃតង ហើយធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់ យកគ្រឿងអលង្ការទូរស័ព្ទដៃអស់ពីខ្លួន សរុប ទឹកប្រាក់ជាង ៣,០០០ដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនពិសេស ក្នុងបណ្តាញសង្គម ។

ក្រោយមានហេតុការណ៍នេះ និងអនុវត្តតាម វិធានការណ៍ជំនាញ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យព្រមសារភាពទទួលកំហុសថា រូបគេ មានឈ្មោះ ឌីណា ពុទ្ធិស័ក្ត ហៅ ទី ពិតជាបានប្រើ Account Facebook ឈ្មោះ Tii Fee (ឥទ្ធិពលនៃផ្សែងគីមី) បោកនារីរងគ្រោះតាមរយៈ Facebook ឲ្យជួបនិងភ្ជង់ប្លន់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ពិតប្រាកដមែន។

ដោយឡែក សម្ភារដែលយកបានពីនារីរងគ្រោះ រូបគេបានប្រគល់ឲ្យមិត្តភក្តិឈ្មោះ ត្រា, ឧត្តម, ស្នា និង ជា ដូរយកគ្រឿងញៀន មួយកញ្ចប់ធំ មកចែកគ្នាជក់ និងលក់បន្ត។ បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិតិវិធីស្រាវជ្រាវស្វែងរកចាប់ខ្លួនគូរកន របស់ជនសង្ស័យដែលនៅសេសសល់ជាបន្តទៀត៕