អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួច ០៤នាក់ ទៅតុលាការ!
ព័ត៌មាន
922

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ បានបញ្ជូនចោរលួច ០៤នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ក្នុងនោះមាន ០៣នាក់ជាចោរលួចម៉ូតូ និង ០១នាក់ ជាចោរលួចអាគុយឡាន។ ពួកគេទាំង ០៤នាក់ នេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ ស្រាវជ្រាវ និងឃាត់ខ្លួនជាក់ស្តែងបាន កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ រួមមាន៖

១/ ឈ្មោះ ជុំ បូរ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ,២/ ឈ្មោះ វណ្ណី នុត ហៅវិត ភេទប្រុស អាយុ ១៧ឆ្នាំ ,៣/ ឈ្មោះ លី មករា ភេទប្រុស អាយុ ៣១ឆ្នាំ

ពួកគេទាំង ០៣នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង១៧:៣០នាទី បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿងម៉ាក MSX ពណ៍ស ស្លាកលេខ តាកែវ 1K-3226 ជារបស់ជនរងគ្រោះឈ្មោះ ចាន់ វាស្នា ភេទប្រុស អាយុ ២៦ឆ្នាំ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច ក្នុងការដ្ឋានសំណង់មួយកន្លែង ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ក្រោយពេលដឹងថាម៉ូតូរបស់ខ្លួនត្រូវចោរលួចបាត់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដើម្បីជួយស្វែងរក ទើបសមត្ថកិច្ចអាវុធហត្ថបានស្រាវជ្រាវតាមវិធានការជំនាញរហូតឈានដល់ការឃាត់ខ្លួនពួកគេទាំង ០៣នាក់នេះ នៅចំណុច ក្រុម៤ ភូមិដំណាក់ធំ១ និងផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ១ ខណ្ឌមានជ័យ២ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈ្មោះ ជុំ បូរ៉ា និងឈ្មោះ វណ្ណី នុត ហៅវិត បានសារភាពថា រូបគេទាំង ០២នាក់ ពិតជាបានលួចម៉ូតូ ម៉ាក MSX(តៃវ៉ាន់) ពណ៍ស ស្លាកលេខ តាកែវ 1K-3226 ជារបស់ជនរងគ្រោះ ខាងលើ ពិតប្រាកដមែន ហើយថែមទាំងលួចយកសម្ភារៈមួយចំនួនទៀតដូចជា កង្ហារ ,ចង្ក្រានហ្កាស ,ឆ្នាំដាំបាយ ,និងអង្ករមួយការ៉ុង។ ចំណែកម៉ូតូ ដែលរូបគេលួចបាន គឺយកទៅឲ្យឈ្មោះ លី មករា ដើម្បីយកទៅលក់ ក្រោយមកឈ្មោះ លី មករា បានយកម៉ូតូនោះទៅលក់នៅខេត្តកំពង់ស្ពឺ ឲ្យឈ្មោះ ហួរ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ បានតម្លៃ ២០ម៉ឺនរៀល។ លុះដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ពួកគេទាំង ០៣នាក់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង។

៤/ ឈ្មោះ សេន សាគី ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១:៣០នាទី នៅចំណុច ក្នុងការដ្ឋានមួយកន្លែង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ បានធ្វើសកម្មភាពលួចដោះអាគុយអាប៊ុលឈូសដី នៅក្នុងការដ្ឋានមួយកន្លែង ចំណុចខាងលើ ក្នុងពេលរូបគេធ្វើសកម្មភាពនោះ ស្រាប់តែមានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃើញក៏ធ្វើការឃាត់ខ្លួនតែម្តង។

ក្រោមវិធានការជំនាញ នៃការសាកសួររបស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា នៅថ្ងៃកើតហេតុរូបគេបានជិះម៉ូតូ ០១គ្រឿងម៉ាកនិច ពណ៍ខ្មៅ ស្លាកលេខ ស្វាយរៀង 1L-0182 ទៅដល់ដីឡូតិ៍មួយកន្លែងនៅចំណុចខាងលើ ស្រាប់តែឃើញអាប៊ុលឈូសដីមួយគ្រឿងទុកចោលគ្មានមនុស្សនៅក្បែរ ដោយរូបគេឃើញឳកាសល្អ ក៏ធ្វើសកម្មភាពលួចដោះអាគុយចេញពីអាប៊ុលឈូសដីនោះ ស្រាប់តែពេលនោះ ស្របពេលអាវុធហត្ថខណ្ឌសែនសុខ ល្បាតឃើញក៏ធ្វើការឃាត់ខ្លួនតែម្តង។

រូបគេបានបញ្ជាក់បន្ថែមទៀតថា កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួចអាគុយឡានបានសម្រេចចំនួន ០៧លើក មកហើយ ជាមួយបក្សពួកឈ្មោះ សូត្រ ហើយអាគុយដែលលួចបាននោះ រូបគេយកទៅលក់នៅម្តុំផ្សារតូច បានពីតម្លៃ៨ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ហើយរូបគេក៏ប្រើបា្រស់គ្រឿងញៀន ប្រភេទម៉ាទឹកកក ជាប្រចាំផងដែរ។