គ្រាន់តែមើលសោះមិនបាន ! ចូលផឹកស៊ីហាង ភ្នំពេញសាច់អាំង PPQ ងាកមើលមុខប្អូនស្រីម្ចាស់ហាងគេញឹកពេក មានអីចេញមកវិញត្រូវបុគ្គលិកទាញសោច្រវ៉ាក់ ព្រួតវាយបែកក្បាលរបួស៤នាក់បញ្ចប់រឿងត្រឹមសំណង៧០០ដុល្លារ
ព័ត៌មាន
2.77K

ភ្នំពេញៈ បុរស៤នាក់ជាភ្ញៀវបានចូលមកផឹកស៊ីនៅហាងមួយកន្លែង ក៏ស្រាប់តែឃើញប្អូនស្រីម្ចាស់ហាងស្អាត ភ្នែកចេះតែងាកមើលប្អូនស្រីគេញឹកញាប់ពេក ស្រាប់តែត្រូវ សន្តិសុខនិងក្រុមចុងភៅ ដើរចេញមកនាំគ្នាទាញច្រវ៉ាក់សោរ វាយទៅលើបុរសម្នាក់ បណ្តាលឲ្យបែកក្បាលហូរឈាមពេញប្រាណ ភ្លាមនោះក៏មានអ្នកចូលទៅជួយឃាត់ទៀត ក៏ស្រាប់តែត្រូវសន្តិសុខនិងក្រុមចុងភៅទាំងនោះដាក់ថែមទៀត ដោយអ្នកខ្លះត្រូវច្រវាក់សោរនិងខ្លះទៀតត្រូវក្បាលមួយកែវ បណ្ដាលឲ្យរងរបួសបែកក្បាលម្នាក់ និងរបួសស្រាល២នាក់ទៀត បន្ទាប់មកអ្នកគ្រប់គ្រងហាងប្រាប់អោយបុគ្គលិកទាញទ្វារបិទរួចចាក់សោជាប់ រីឯសន្តិសុខនិងក្រុមចុងភៅ ដែលបង្កហេតុបាននាំគ្នារត់ចូលទៅក្នុងហាងវិញអស់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ទាំងកណ្តាលអាធ្រាត។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៨ នៅចំណុចហាងសាច់អាំងមួយកន្លែង យីហោ "ភ្នំពេញសាច់អាំង PPQ & Streamboat" ស្ថិតនៅតាមបណ្តោយផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមសម្ដីបុរសរងគ្រោះបានរៀបរាប់ឲ្យដឹងថា រូបគាត់និងមិត្តភក្តិបួនប្រាំនាក់ទៀតសុទ្ធតែធ្លាប់ចូលមកផឹកស៊ី នៅក្នុងហាងនេះជាច្រើនសារមកហើយ ហើយរាល់លើកពួកគាត់ក៏មិនធ្លាប់មានបញ្ហាជាមួយអ្នកណាដែរ ប៉ុន្តែស្រាប់តែថ្ងៃនេះ រូបគេនឹងមិត្តភក្តិមានគ្នា៤-៥នាក់ បាននាំគ្នាចូលមកហូបសាច់អាំងនិងផឹកស៊ីជួបជុំគ្នាក្នុងហាងយីហោខាងលើ សើចសប្បាយក្អាកក្អាយជាមួយគ្នា រហូតផឹកស៊ី ចប់ ពួកគាត់បានឲ្យបុគ្គលិកមកគិតលុយដូចរាល់ដង ព្រោះចង់ទៅបន្តមួយកន្លែងទៀត។

បុរសរងគ្រោះបន្តថា ពេលគិតលុយរួចពួកគាត់បាននាំគ្នាដើរចេញទៅក្រៅ តែគ្រាន់តែដើរដល់ខាងមុខហាង ស្រាប់តែក្រុមបុគ្គលិកមានទាំងសន្តិសុខនិងចុងភៅនៅក្នុងហាង បាននាំគ្នាចេញមកព្រួតវាយគាត់ មានទាំងសោច្រវ៉ាក់និងកែវស្រា បណ្ដាលឲ្យរងរបួសបែកក្បាលជាច្រើ នកន្លែងហូរឈាមពេញខ្លួន តែភ្លាមនោះមិត្តភក្តិរបស់គាត់ក្នុងនោះមានម្នាក់ ក៏ជាសន្តិសុខហាងនោះ ដែរ បានស្ទុះចូលមកជួយឃាត់ តែបែរជាទាស់ពាក្យសម្ដីគ្នាទៀត ធ្វើឲ្យផ្ទុះហិង្សាទៅវិញទៅមក ដោយក្រុមចុងភៅ និងសន្តិសុខហាង នោះ បានវាយទាំងមិត្តភក្តិគាត់ បណ្ដាលអោយរងរបួសធ្ងន់ស្រាល៤នាក់ទៀត។

បើតាមសម្ដីអ្នកគ្រប់គ្រងហាងជាស្ត្រីរូបស្រស់បានបញ្ជាក់ដែរថា ក្រុមបុគ្គលិកក្នុងហាងរបស់គាត់ ក៏រងរបួសដែរ បន្ទាប់ពីវាយគ្នាទៅវិញទៅមក ដោយមិនទាន់ដឹងមូលហេតុនោះ បន្ទាប់មកពួកគេបាននាំគ្នារត់ចូលក្នុងហាង វិញ ទើបគាត់ប្រាប់ឲ្យបុគ្គលិកបិទទ្វារចាក់សោសិន ព្រោះខ្លាចមានការវាយគ្នាម្ដងទៀត កុំឲ្យខូចខាតសម្ភារៈក្នុងហាង ពេលនោះទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅអន្តរាគមន៍ទាំងយប់តែម្តងទៅ។

ស្ត្រីជាអ្នកគ្រប់គ្រងហាងបានបន្តទៀតថា ទោះបីជាយ៉ាងណា ក៏ដោយ ក្នុងនាមគាត់ជាអ្នកគ្រប់គ្រងហាង គាត់នៅតែទទួលខុសត្រូវ តាមរូបភាពជាក់ស្ដែង តាមដែលអាចធ្វើទៅបាន ព្រោះជនរងគ្រោះជាភ្ញៀវ ពួកគាត់បានចូលមកហូបចុក លក្ខណៈធម្មតាប៉ុណ្ណោះ និងមិនមែនមកអុកឡុក ហាងអ្វីឡើយ ហើយពេលចប់ពួកគាត់បានមកគិតលុយ គ្រប់ចំនួនផងដែរដូច្នេះគាត់សុំជួយដោះស្រាយសិន ។

បើតាមជនរងគ្រោះម្នាក់ទៀត ដែលជាសន្តិសុខហាងនោះដែរ បានប្រាប់រឿងនេះថា គឺសង្ស័យកើតឡើងដោយសារប្រចណ្ឌ ព្រោះគ្រាន់តែមិត្តភក្តិរបស់គាត់ដែលរងរបួសក្បាលបែកនោះ ក្រឡេកមើលមុខប្អូនស្រីម្ចាស់ហាងញឹកញាប់ពេក ទើបធ្វើឲ្យបុគ្គលិកហាងនោះប្រចណ្ឌ ទើបបង្កជា ហិង្សាមកលើពួកគាត់ បណ្ដាលឲ្យរងរបួសបែបនេះ។

ទោះជាយ៉ាងណាក៏ដោយ ក៏ហេតុការនេះត្រូវបានស្ត្រីរូបស្រស់ដែលជាអ្នកគ្រប់គ្រងហាង បានចូលខ្លួនមកសម្របសម្រួលជាមួយអ្នករងរបួសធ្ងន់ស្រាលទាំង៤នាក់នោះ ដោយភាគីខាងជនរងគ្រោះ សុំទាមទារជំងឺចិត្ត និងថ្លៃព្យាបាលរបួស ព្រោះមិនចង់ទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងនាំវែងឆ្ងាយទេ ទើបស្ត្រីរូបស្រស់ជាអ្នកគ្រប់គ្រងហាង សុំសម្រួលនិងព្រមចេញថ្លៃព្យាបាលរបួស ចំនួន៧០០$ ដោយក្នុងនោះសងជំងឺចិត្តទៅកាន់អ្នករបួសក្បាលធ្ងន់២នាក់ ៥០០$ (ក្នុងម្នាក់២៥០$) និងនៅសល់២០០$ សម្រាប់ថ្លៃព្យាបាលរបួសស្រាល។

ក្រោយពេលកើតហេតុ ភាគីខាងរងគ្រោះព្រមទទួលយកការសម្របសម្រួលជាមួយនិងស្ត្រីដែលជាអ្នកគ្រប់គ្រងហាង នៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្ដាលទី២ ដោយអ្នកគ្រប់គ្រងហាង បានសងជំងឺ ចិត្តនិងថ្លៃព្យាបាលរបួសចំនួន៧០០$ ទៅអោយភាគីជនរងគ្រោះទាំង៤នាក់នោះ ដើម្បីបញ្ចប់រឿង ដោយមិនមានការប្ដឹងផ្ដល់អ្វីនោះទេ គ្រាន់តែធ្វើកិច្ចសន្យាជាមួយគ្នាតែប៉ុណ្ណោះ៕