(ព័ត៌មានបន្ថែម) អគ្គីភ័យឆាបឆេះស្ថានីយ៍ប្រេងឥន្ឋនៈសូគីមិចម្តុំផ្សារបឹងសាឡាងត្រូវបានរលត់វិញហើយ ខណៈសមត្ថកិច្ចចេញអន្តរាគមន៍ទាន់ពេលវេលា
ព័ត៌មាន
1.86K

ភ្នំពេញ៖ អគ្គីភ័យដែលឆាបឆេះស្ថានីយ៍ប្រេងសូគីមិចមួយកន្លែង ត្រូវបានរលត់វិញទាំងស្រុងហើយ គិតត្រឹមរយៈពេល១ម៉ោង ដោយប្រើរថយន្តបាញ់ពន្លត់អស់ជាច្រើនគ្រឿង នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ឋគីន។

អគ្គីភ័យនេះបានឆាបឆេះកាលពីវេលាម៉ោងជាង១០និង២០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅម្តុំផ្សារបឹងសាឡាងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

បើយោងតាមព័ត៌មាបបឋមពីសមត្ថកិច្ចប្រាប់មក TVFB ឲ្យដឹងថា ចំពោះមូលហេតុនៃជំហានដំបូងដែលបង្កឲ្យមានការអគ្គីភ័យឆាបឆេះនេះ គឺដាក់ការសង្ស័យទៅលើរថយន្តដឹកស៊ីទែនសាំង ខណៈដែលចូលដាក់សាំងបន្ថែមក្នុងស៊ីទែនដោយមិនបានពន្លត់ម៉ាស៊ីនរថយន្ត ទើបបង្កជាការឆ្លងប្រព័ន្ឋភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅបែបនេះ និងបណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនផងដែរ ។

ដោយឡែកចំពោះរថយន្តពន្លត់អគ្គីភ័យ សមត្ថកិច្ចធ្វើការបាញ់ពន្លត់អស់ជាច្រើនគ្រឿង ដោយពុំទាន់បានបញ្ជាក់ថា អស់ចំនួនប៉ុន្មាននៅឡើយទេ ៕