ក្រុម​យុវជន​កែវមុនី​ KMN FC​ លើកពានរង្វាន់លេខ១ ដូចបំណង ក្រោយពីយកឈ្នះលើក្រុម TN Kandal ៣ទល់នឹង១ ក្នុងជំនួបមិត្តភាព​ ដេីម្បីអបអរសាទរ ខួបលេីកទី៤០ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០១៩!

ខេត្តកណ្កាល​ ៖ ក្រុមបាល់ទាត់​យុវជន​កែវមុនី​ KMN FC បានសម្រេច​ជោគជ័យ​ លើកពានរង្វាន់លេខ១ ដូចបំណង ក្រោយពីប្រកួតយកឈ្នះលើ ក្រុមបាល់ទាត់ TN Kandal ក្នុងលទ្ធផល​បច្ចេកទេស​ ៣ទល់នឹង១ ក្នុងជំនួបមិត្តភាព​ ដេីម្បីអបអរសាទរ ខួបលេីកទី៤០ នៃទិវា ជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០១៩ កាលពីល្ងាចថ្ងៃសៅរ៍​ ទី២២ ខែធ្នូ​ ឆ្នាំ២០១៨នេះ នៅកីឡដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្កាល ។

លោក យ៉ន​ សំអុន ប្រធានក្រុមយុវជនកែវមុនី KMN YFC បានអោយដឹងថា ជំនួបមិត្តភាពនេះកេីតឡេីង ក្រោមការជំរុញរបស់លោក ពេជ្រ​ កែវមុនី អភិបាលខណ្ឌមានជ័យ​ និងជាប្រធានក្លឹបយុវជនកែវមុនី KMN YFC ដែលត្រូវចូលរួមក្នុងនាមក្រុមតំណាងខណ្ឌមានជ័យផង និងរាជធានីភ្នំពេញផង រីឯក្រុម TN Kandal ក៏នឹងធ្វើការប្រកួតក្នុងនាមតំណាងខេត្តកណ្តាលផងដែរ។

លោកបន្តថាគោលបំណងក្នុងការប្រកួតមិត្តភាពនេះគឺទីមួយដ៏សំខាន់ក្នុងការចូលរួមអបអរសាទរ​ ខួបលេីកទី៤០ឆ្នាំ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-ឆ្នាំ២០១៩ ដែលខិតជិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ទីពីរគឺក្រុមទាំងពីរ ចង់ពង្រឹងទំនាក់ទំនង និងរឹតចំណងមិត្តភាពសាមគ្គីភាពឲ្យកាន់តែល្អប្រសើរ រវាងក្រុមបាល់ទាត់ KMN YFC របស់លោកអភិបាលខណ្ឌ ពេជ្រ​ កែវមុនី​ និង TN Kandal របស់ឯកឧត្តម ធុល នាង ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា និងជាប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាខេត្តកណ្ដាល ។

ជំនួបដ៏​តានតឹង​នេះ​ ក្រុម TN Kandal​ បានបំបែកពងមាន់ ១គ្រាប់មុន ទៅលេីក្រុមយុវជន​កែវមុនី​ KMN FC ប៉ុន្តែក្រុមប្រជុំដោយកីឡារករវ័យក្មេង KMN FC បាន​ដាក់​សម្ពាធគ្រប់គ្រងបាល់បានល្អជាង ​រហូត​សុត​បំបោង​សំណាញ់ទីសងសឹកក្រុម TN Kandal បានចំនួន២គ្រាប់វិញ នាំមុខបណ្ដោះអាសន្ន​ ២ទល់នឹង១ រហូតចប់តង់ទី១ ។ លុះចូលមកដល់តង់ទី២ ក្រុម KMN FC នៅតែគ្រប់គ្រងបាល់បានល្អដដែល​ ទោះជាមានការ​ប៉ះទង្គិចគ្នា​ ​រហូតធ្វេីឲ្យអ្នកចាំទី​ម្នាក់ រួមទាំងកីឡាករ​ក្រុម KMN​ ២នាក់ទៀត បានរងរបួសក៏ដោយ ក៏ក្រុម KMN FC នៅតែសហការគ្នាលេងបានយ៉ាងល្អ រហូតបំបោងសំណាញ់ទីបាន១គ្រាប់ទៀត រហូតទទួលយកជ័យជំនះ ក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹង​១ តែម្ដង ដែលធ្វើអោយថ្នាក់ដឹកនាំក្រុមមានការ​ត្រេកអរ​ និងមាន​មោទនភាពជាខ្លាំង​ ចំពោះការគ្រងតំណែងជ័យជំនះ ​ក្នុងជំនួបមិត្តភាព​នេះ។

លោក​ យ៉ន់ សំអុន បានលើក​ឡើងថា ជាមួយនឹងការ​ដណ្ដើម​បានពាន​រង្វាន់លេខ១នេះ គឺជាជោគជ័យរួមរបស់ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យទាំងអស់ ក្រោមការដឹកនាំនឹង​ជម្រុញ​របស់លោក​ ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដែលមិនត្រឹមតែរួមចំណែកកសាង​អភិវឌ្ឍន៍​ និងបម្រើប្រជាពលរដ្ឋយ៉ាងល្អក្នុងខណ្ឌនោះទេ ថែមទាំង​ផ្ដួចផ្ដើម​ បង្កើត​អោយមានជាក្រុមបាល់ទាត់ ដើម្បី​បំផុស​យុវជន​ចូលរួម​លេងកីឡា​ ដើម្បីសុខភាព​ និងសាមគ្គីភាព និង​ជៀសឆ្ងាយពីគ្រឿងញៀនថែមទៀតផង។

លោកបន្តទៀតថា​ បេសកកម្ម​របស់ក្រុម​បាត់ទាត់​យុវជន​កែវមុនី​ KMN​ FC មិន​បញ្ឈប់​ត្រឹមនេះឡើយ​ ពោលគឺថ្នាក់ដឹកនាំនិងក្រុមទាំងមូល​ បាន​ប្ដេជ្ញា​ជម្រុញនិង​គៀងគរ​ យុវជននៅក្នុងខណ្ឌមានជ័យ ចូលរួមលេងកីឡាអោយបានច្រើន ពិសេសអ្នកមាន​សមត្ថភាព​ និង​ទេពកោសល្យ​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​អោយ​កាន់តែ​រីកចម្រើន​ ខណៈដែលកីឡាករដែលមាន​ទេពកោសល្យ​ និងសមត្ថភាពល្អ​ ថ្នាក់ដឹកនាំ​និងធ្វើកិច្ចសហការជាមួយនឹង​ក្លឹបនានា ដើម្បីផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ បានចូលរួមលេង​លីគ​លំដាប់ទី២ ឬលីគ​កំពូល​ នាពេលអនាគតទៀតផង។

បន្ថែមលើនេះបន្ទាប់ពីបញ្ចប់ការប្រកួត ថ្នាក់ដឹកនាំក្រុមទាំងពីរ ក៏បានផ្ដួចផ្ដើម និងរៀបចំឲ្យមានការពិសារអាហារសាមគ្គី ដើម្បីជម្រុញឱ្យមន្រ្តីនិងកីឡាករក្រុមទាំងពីរ កាន់តែមានភាពស្និទ្ធស្នាលគ្នាជាមួយគ្នាកាន់តែខ្លាំងឡេីងថែមទៀតផង ៕