តារាកំប្លែងជើងចាស់២រូប លោកតា​ ផ្លុង​ មឿក មានជំងឺជរារ៉ាំរ៉ៃដើរពុំរួច និងលោក​តា​ សង​ស៊ីស កំពុងមានជម្ងឺលេីសឈាម ទទួលបាន​ការយកចិត្តទុកដាក់ និងអំណោយមនុស្សធម៌​ ពី​កាកបាទក្រហម​កម្ពុជា​...!
កម្សាន្ត
1.12K

រាជធានីភ្នំពេញ​ ៖ នៅទីស្នាក់ការកណ្តាល​ នាថ្ងៃសុក្រ​ ១៤កេីត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ២១​ ខែធ្នូ​ ឆ្នាំ២០១៨​ នេះ​ ​កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានជួបសំណេះសំណាលសួរសុខទុក្ខ​ ពីស្ថានភាពជំងឺរបស់​ លោក​តា​ ម៉ារី​ សុន​ (សង​ ស៊ីស)​ អាយុ​ ៧៣ឆ្នាំ​ តារាកំប្លែងជេីងចាស់​ ដែលមានជំងឺលេីសឈាមធ្ងន់ធ្ងរ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា​ធិការរងទី១ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែល​ផ្តាំផ្ញើសួរសុខទុក្ខ គិតគូរពីសុខភាព​ និងស្ថានភាពជំងឺ​ របស់លោក​តា​ សង​ ស៊ីស​ ព្រមទាំងផ្តាំផ្ញេីដល់លោកតាសូមថែទាំសុខភាពឱ្យបានល្អ​ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ និងផ្តាំផ្ញេីដល់កូនៗទាំងអស់បន្តថែទាំឪពុកឱ្យបានល្អ​ ដេីម្បីឆាប់បានជាសះស្បេីយឡេីងវិញ។

ជាកិច្ចឆ្លើយតប លោកតា សង​ ស៊ីស និងកូនប្រុស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល យកចិត្តទុកដាក់ពីសុខទុក្ខរបស់​ប្រជាពលរដ្ឋជួបការលំបាក និងបានជួយសម្រាលការលំបាក​ដល់គ្រួសារ​លោកតាជាច្រើនលើកផងដែរ៕

ជាមួយគ្នានេះដែរ​ ដោយក្តីអាណិតអាសូរ​ចំពោះតារាកំប្លែងជើងចាស់មានជំងឺជរារ៉ាំរ៉ៃដើរពុំរួចនោះ​ នៅព្រឹកថ្ងៃសុក្រ​ ១៤កេីត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ២១​ ខែធ្នូ​ ឆ្នាំ២០១៨​ នេះ​ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រី​ចុះសួរសុខទុក្ខ​ ពិនិត្យមេីលស្ថានភាពជំងឺ​ និងនាំយកអំណោយមនុស្សធម៌​ រួមមាន​ ទឹកត្រចៀកកាំ​ ទឹកក្រូច គ្រឿងបរិភោគ​ និងថវិកាមួយចំនួន មកជូន លោកតា ផ្លុង មឿក អាយុ ៨៥ឆ្នាំ ដែលកំពុងសម្រាកព្យាបាលក្រោមការមេីលថែរបស់កូនស្រី​ នៅផ្ទះជួលស្ថិតនៅ ភូមិ៨​ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នាឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែល​ផ្តាំផ្ញើសួរសុខទុក្ខ គិតគូរពីសុខភាព​ និងស្ថានភាពជំងឺ​ របស់លោក​តា​ ផ្លុង​ មឿក​ ព្រមទាំងផ្តាំផ្ញេីដល់កូនស្រីរបស់លោកតា​ ឱ្យបន្តភាពកតញ្ញូថែទាំឪពុកឱ្យបានដិតដល់រហូតតទៅ។

ជាកិច្ចឆ្លើយតប លោកតា ផ្លុង មឿក និងកូនស្រី​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល យកចិត្តទុកដាក់ពីសុខទុក្ខរបស់​ប្រជាពលរដ្ឋជួបការលំបាក និងបានជួយសម្រាលការលំបាក​ដល់គ្រួសារ​លោកតាជាច្រើនលើកផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី៤​ ហើយ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូនគ្រួសារលោកតា​ ផ្លុង​ មឿក​។ ដោយឡែក សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ធ្លាប់បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនគ្រួសារលោកតាផងដែរ៕