កញ្ញាឯកកម្ពុជា រឿន ណាត សូមឲ្យអ្នកគាំទ្រឈប់យល់ច្រឡំទៅលើកញ្ញាឯកអូស្ត្រាលី អាមេរិក និងកូឡំប៊ី ដែលថាបាននិយាយមើលងាយពីសមត្ថភាពការប្រើប្រាស់ភាសាអង់គ្លេសរបស់នាងទៀតទៅ
កម្សាន្ត
580

ភ្នំពេញ៖ ក្រោយពីមានការកាត់តវីដេអូតាមបណ្តាញសង្គមរបស់កញ្ញាឯកមកពីប្រទេសអូស្ត្រាលី អាមេរិក និងកូឡំប៊ី ដែលបាននិយាយមើលងាយពីសមត្ថភាពការប្រើប្រាស់ភាសាអង់គ្លេសរបស់កញ្ញាឯកមកពីកម្ពុជា កញ្ញារឿន ណាត មក ធ្វើឲ្យមានការការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

ខណៈនេះ កញ្ញារឿន ណាត បានរៀបរាប់បកស្រាយទាំងទឹកភ្នែកថា គឺជារឿងយល់ច្រឡំ តែប៉ុណ្ណោះ។

កញ្ញាឯកកម្ពុជាកញ្ញា រឿន ណាត បានថ្លែងថា គឺជារឿងយល់ច្រឡំ ដែលមានបណ្តាញសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែក និងបញ្ចេញទស្សនៈជាមួយពាក្យមិនល្អជាច្រើនវាយប្រហាលើកញ្ញាឯកមកពីប្រទេសអូស្ត្រាលី ថាបាននិយាយមើលងាយកញ្ញាឯកមកពីកម្ពុជាថាមិនមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានល្អ។

ការចែករំលែក និងពាក្យវាយប្រហាខ្លាំងៗនេះបានបង្កើតឲ្យមានការខកចិត្ត និងសោកស្តាយពីកញ្ញា ថាជារឿងយល់ច្រឡំ និងជារឿងមិនគួរឲ្យកើតមាន។

កញ្ញាឯកកម្ពុជាកញ្ញា រឿន ណាត បញ្ជាក់ថា កញ្ញាឯកទាំងបីដែលបានធ្វើការនិយាយលើបណ្តាញសង្គមកន្លងមក គឺជាការបង្ហាញពីក្តីអាណិតអាសូរចំពោះសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស មិនច្រើន ដែលធ្វើឲ្យនាងឯកកាជាងកញ្ញាឯកមកពីប្រទេសដទៃ។ នាងថាពួកគាត់ទាំងបី ពិតជាស្រលាញ់ និងចូលចិត្តនាងខ្លាំងហើយពួកគេតែងលើកទឹកចិត្តនាងជានិច្ច។ នាងថាការយល់ច្រឡំបានធ្វើឲ្យអ្នកគាំទ្រខ្លះប្រើប្រាស់ពាក្យមិនល្អរហូតដល់កញ្ញាឯកមកពីប្រទេសអូស្ត្រាលី សុំទោសនាង ហើយកញ្ញាឯករូបនេះយំមិនឈប់ ព្រោះរងពាក្យមើលងាយ និងប្រមាថដោយពាក្យធ្ងន់ៗមកលើនាង។

កញ្ញា រឿន ណាត ទទួលស្គាល់ថាការប្រើប្រាស់ភាសាអង់គ្លេសរបស់នាងមិនបានល្អច្រើនដូចកញ្ញាឯកផ្សេងទៀត ប៉ុន្តែពួកគាត់ទាំងបីគឺកញ្ញាឯកមកពីសហរដ្ឋអាមេរិក កញ្ញាឯកមកពីប្រទេសអូស្ត្រាលី និងកូឡំប៊ី គឺស្រលាញ់ និងលើកទឹកចិត្តនាង ខណៈដែលពួកគេកំពុងធ្វើការបន្តផ្ទាល់នោះ នាងក៏នៅខាងមុខពួកគេផងដែរ។ នាងសង្ឃឹមថា អ្នកគាំទ្រនៅកម្ពុជានឹងបានស្ងប់ចិត្ត និងបញ្ចប់ការចែករំលែក និងជេរប្រមាថមកលើពួកគាត់ ដែលធ្វើឲ្យមានការយល់ច្រឡំ បែបនេះ។

កញ្ញា រឿន ស៊ីណាត បានចេញដំណើរទៅចូលរួមប្រកួតសម្រស់ក្នុងកម្មវិធីលំដាប់ពិភពលោក គឺកម្មវិធីប្រលងបវរកញ្ញាចក្រវាឡ២០១៨ (Miss Universe 2018 ) ដែលបាននិងកំពុងប្រព្រឹត្តិទៅនៅទីក្រុងបាងកកប្រទេសថៃ ដែលមានកញ្ញាឯកមកពីបណ្តាប្រទេសជាច្រើននៅជុំវិញសាកលលោកចូលរួម៕