របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៦៣
ប្រវត្តិសាស្ត្រ
1.25K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ ចំណែកពួកប្រជាធិបតេយ្យវិញ ក៏បានព្យាយាមស្រាវជ្រាវរកម្ចាស់អត្ថបទឈ្មោះនរោត្តមថុល នោះណាស់ដែរ ព្រោះចង់ដឹងថា តើនរោត្តមថុលនោះជានរណា បានជាសរសេរអត្ថបទវាយប្រហារទៅលើពួកគេ មានខ្លឹមសារស៊ីជម្រៅចំៗបញ្ហា បានល្អខ្លាំងម្ល៉េះ?។

តែពួកគេមិនមានការសង្ស័យសូម្បីបន្តិចថា ព្រះមហាក្សត្រឲសីហនុ ជាអ្នកសរសេរអត្ថបទទាំងឡាយ ដែលដាក់ឈ្មោះនរោត្តមថុល នោះទេ គឺពួកគេបែរជាសង្ស័យទៅលើព្រះអង្គម្ចាស់នរោត្តម កន្តុល ដែលជាបងប្អូនជីដូនមួយរបស់ព្រះអង្គទៅវិញ។

ព្រះមហាក្សត្រសីហនុ និងព្រះបិតុលា មុនីរ៉េត ហាក់ដូចជាត្រូវដងត្រូវផ្លែគ្នាខ្លាំងណាស់ក្នុងការសរសេរអត្ថបទបកអាក្រាតនយោបាយបោកប្រាស់របស់គណបក្សប្រជាធិបតេយ្យ ហើយមិនយូរប៉ុន្មាន កាសែតក្របីព្រៃនេះ បានក្លាយជាកាសែតដ៏ល្បីល្បាញមួយ ក្នុងការឆ្កិះករកាយឯកសារអាស្រូវ និងសកម្មភាអសកម្មនានារបស់ពួកអ្នកកាន់អំណាច។

ចំណែកព្រះអង្គម្ចាស់នរោត្តម នរិន្ទដេត ជាប្រធានគណបក្សសេរីភាព ដែលមាន១៤អាសនៈនៅក្នុងសភា និងព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា ប្រធានគណបក្សប្រជាធិបតេយ្យចម្រើនជឿនលឿន ដែលសាធារណមតិខ្លះដាក់ឈ្មោះឲ្យទ្រង់ម៉ុងតាណា ថា មេបក្សចម្រើនជឿនលឿនតែខាងបុកប៊ីយ៉ា ដោយសារទ្រង់ចូលចិត្តលេងល្បែងបុកប៊ីយ៉ានេះ និងជាប់ឆ្នោតបាន៣អាសនៈនៅក្នុងសភាដែរនោះ បានចូលមកព្រះរាជវាំង ហើយទូលព្រះមហាក្សត្រសីហនុ ពីរឿងកើតទុក្ខមិនសុខចិត្តអំពីលទ្ធផលនៃការបោះឆ្នោតថា ពួកប្រជាធិបតេយ្យមិនមែនមានចិត្តជាអ្នកកីឡាទេ ពួកគេបានបំភ័ន្តបោកបញ្ឆោតប្រជារាស្ត្រ ដោយភូតកុហកថា ព្រះមហាក្សត្របានអំពាវនាវឲ្យប្រជារាស្ត្របោះឆ្នោតឲ្យគណបក្សរបស់ពួកគេ ទើបបានជាពួកគេទទួលជ័យជន្នះច្រើនសន្ធឹកសន្ធាប់យ៉ាងដូច្នេះ។

ឯព្រះមហាក្សត្រសីហនុ វិញ ពេលឮពាក្យទូលពិតរបស់ទ្រង់ម៉ុងតាណា យ៉ាងដូច្នេះ ព្រះអង្គគ្រាន់តែនឹកនៅក្នុងព្រះទ័យថា បញ្ហាឃោសនានេះពួកអ្នកនយោបាយទាំងអស់គួរតែដឹងថា ក្នុងរបបលិទ្ធប្រជាធិបតេយ្យ គេត្រូវប្រើគ្រប់យុទ្ធសាស្ត្រ យុទ្ធវិធី ទាំងការពិត ទាំងការមិនពិត សុទ្ធតែត្រូវបានអនុញ្ញត ដើម្បីទាក់ទាញយកកម្លាំងគាំទ្រ។

ព្រះមហាក្សត្រនសីហនុ ឈ្វេងយល់ថា ការធ្វើប្រទេសកម្ពុជាឲ្យទៅជាប្រទេសប្រជាធិបតេយ្យមួយដែលបារាំងចង់បាននោះ គឺពុំមែនឲ្យមានការបង្កើតគណបក្សនយោបាយឡើងដោយពឹងផ្អែកទៅលើប្រជារាស្ត្រទាំងស្រុងនោះទេ ការពិតរបបគ្រប់គ្រងនៅកម្ពុជា គឺនៅតែជារបបរាជាធិបតេយ្យដដែល។

ពេលនោះមិនថាប្រជារាស្ត្រទេ សូម្បីតែពួកអ្នកដែលនៅក្នុងឆាកនយោបាយយ៉ាងសកម្មនោះ ក៏នៅតែប្រមូលផ្តុំជុំវិញមេកើយរបស់ពួកគេរៀងខ្លួន និងធ្វើការវាយប្រហារគ្នាទៅវិញទៅមក។

ព្រះអង្គម្ចាស់មុនីរ៉េត និងក្រុមរបស់ទ្រង់បានថ្លែងប្រឆាំងថា ប្រជាធិបតេយ្យូបនីយកម្មនេះ គឺជារបស់ពួកអ្នកបោកប្រាស់ប៉ុណ្ណោះ ហើយទ្រង់យល់ថា ប្រជាធិបតេយ្យបែបនេះនឹងផ្តើមឲ្យមានអនាធិតេយ្យូបនីកម្ម នៅក្នុងព្រះរាជណាចក្រកម្ពុជា ទៅវិញទេ។

ការពិតទៅ ក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ នោះ គឺបានត្រឹមតែបង្កជម្លោះ បែកបាក់គ្នាមួយដែលមិនសូវមានកិត្តិយសប៉ុន្មានរវាងរាជវង្សទាំង៣នាក់ គឺទ្រង់យុត្តិវង្ស ទ្រង់នរិន្ទជេត និងទ្រង់ម៉ុងតាណា ដែលឈ្លោះដណ្តើមគ្នានូវកម្ទេចកម្ទីនៃអំណាចមួយដែលបារាំងទុកឲ្យព្រះមហាក្សត្រសីហនុ មួយចំណែកតូចតែប៉ុណ្ណោះ ខណៈដែលបារាំងរក្សាទុកអំណាចដ៏ធំសម្បើមសម្រាប់ខ្លួនឯងនោះ។

តែទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលដែលមានទ្រង់់យុត្តិវង្ស ជាប្រមុខនោះ បានចាប់ផ្តើមធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ ដែលហួសសម័យនោះបានខ្លះៗដែរ និងបានបង្កើតរចនាសម្ព័ន្ធផ្សេងៗ ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនទាន់សម័យ ហើយថាខ្លួននឹងធ្វើការងារដឹកនាំប្រទេសដោយមិនចំណុះនរណាឡើយ។

ជាជាងបង្កឲ្យមានសង្គ្រាមបង្ហូរឈាម រាជរដ្ឋាភិបាលនេះបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់បារាំង ដឹងខ្លួនថា បារាំងមិនស្ថិតនៅក្នុងប្រទេសកម្ពុជាបានជារៀងរហូតទេ ដរាបណាសង្គ្រាមនៅតែបង្កការវឹកវរនៅប្រទេសវៀតណាមនោះ។ ពួកប្រជាធិបតេយ្យបានផ្សព្វផ្សាយនូវជម្រើសពីរ បង្ហាញទៅប្រទេសបារាំងថា ទី១សុខចិត្តប្រគល់ឯករាជ្យមកដល់ពួកខ្លួន គឺពួកបញ្ញវនុ្ត ពួកវីរជនកំពុងកាន់អំណាច? ឬទី២ នៅទីបំផុត ត្រូវបង្ខំចិត្តប្រគល់ឯករាជ្យឲ្យពួកបះបោរ ដែលកំពុងប្រយុទ្ធតស៊ូនៅក្នុងព្រៃ ក្រោយពីការធ្វើសង្គ្រាមបង្ហូរឈាមនោះ?។ (មានត.ទៅទៀតនៅភាគទី៦៤)