តុលាការ ស្នើឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ និង ទី២ ស្រង់ស្ថិតិបន្ទាន់ អំពីជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និង ទណ្ឌិត ដែលបានឃុំខ្លួនហួសថិរវេលា ៣ខែ ៦ខែ និង ១២ខែ
ព័ត៌មាន
924

រាជធានីភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាន បង្គាប់មកប្រធានមណ្ឌលអប់រំកែប្រែទី១ និង ទី២ នៃក្រសួងមហាផ្ទៃ និង ប្រធានពន្ធនាគាររាជធានីភ្នំពេញ ស្រង់ស្ថិតិបន្ទាន់ពាក់ព័ន្ធនឹងជនត្រូវចោទ និងជនជាប់ចោទទាំង៤ប្រភេទគឺជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និង ទណ្ឌិតដែលគ្មានឯកសារបញ្ជាក់ច្បាស់លាស់ ដែលបានឃុំខ្លួនហួសថិរវេលា ៣ខែ ៦ខែ និង ១២ខែ ។

ប្រភពព័ត៌មានពីពន្ធនាគារបានបញ្ជាក់សេចក្តីបង្គាប់នេះតម្រូវឲ្យលោកប្រធានមណ្ឌលអប់រំកែប្រែទាំង២ និងប្រធានពន្ឋនាគាររាជធានីភ្នំពេញ ត្រូវស្រង់ទិន្នន័យទាំងអស់និងធ្វើរបាយការណ៍លម្អិតដាច់ដោយឡែកពីគ្នាតាមករណីនីមួយៗ រួចផ្ញើលទ្ឋផលមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អោយបានមុនថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ជាកំហិត ដើម្បីដាក់ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជួយមានវិធានការណ៍និងរកដំណោះស្រាយបញ្ហាទាំងអស់អោយទាន់ពេលវេលា និងមានប្រសិទិ្ឋភាពបំផុតតាមច្បាប់កំណត់។

ប្រភពដដែលបានបញ្ជាក់ នៅថ្ងៃទី៧ ខែធ្នូ នេះថា លោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើអធិការកិច្ច នៅមណ្ឌលអប់រំកែប្រែទី១ និងនៅពន្ធនាគាររាជធានីភ្នំពេញប៉េហ្ស៊ី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ និងនៅមណ្ឌលអប់រំកែប្រែទី២នៅ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ។ ការចុះធ្វើអធិការកិច្ចមើល ឃើញថា មានបញ្ហាស្មុគស្មាញ និង បញ្ហាប្រឈមជាច្រើនដែលបានកើតឡើងជាយូរមកហើយ ហើយត្រូវការដោះស្រាយបញ្ហាទាំងអស់នេះជាបន្ទាន់ ។ ក្នុងនោះរកឃើញជាក់ស្ដែងមានជនត្រូវចោទ និង ជនជាប់ចោទ ដែលបានឃុំខ្លួនហួសថិរវេលា ៣ខែ ៦ខែ ១២ខែ ព្រមទាំងមានពិរុទ្ធជននិងទណ្ឌិត ដែលមានតែសម្រង់សាលក្រម , សាលក្រម និង សាលដីកាដែលពុំទាន់បានចូលជាស្ថាពរនៅឡើយ ។

លើសពីនេះទៅទៀត រកឃើញជាក់ស្ដែងនូវជនជាប់ឃុំទាំង៤ប្រភេទរួមមាន ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និង ទណ្ឌិត ត្រូវបានឃុំខ្លួនរហូតមកដល់សព្វថ្ងៃគ្មានឯកសារបញ្ជាក់ច្បាស់លាស់ ដែលបញ្ហានេះ គឺ ជាការបង្ខាំងមនុស្សខុសច្បាប់ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនិងត្រូវផ្តន្ទាទោសតាមមាត្រា២៥៣នៃក្រមព្រហ្មទណ្ឌ ។

ប្រភពព័ត៌មានបន្តទៀតថា ដើម្បីអនុវត្តឱ្យបានសម្រេចដាច់ខាតតាមផែនការរបស់រាជរដ្ឋាភិបាល ស្តីពីកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ព្រមទាំងលុបបំបាត់ឱ្យបានទាំងស្រុងនូវការឃុំខ្លួនហួសថិរវេលា , លុបឱ្យបានទាំងស្រុងនូវការចេញសម្រង់សាលក្រមដែលក្រមនីតិវិធីព្រហ្មទណ្ឌបានចូលជាធរមាន និង ប្រកាសឱ្យប្រើតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ ។ ក្រោយការប្រកាសសាលក្រមរួច ច្បាប់បានកំណត់ត្រូវចេញសាលក្រមក្នុងរយៈពេលយ៉ាងយូរ៨ថ្ងៃ ឱ្យមកពន្ធនាគារដើម្បីអនុវត្តជាប្រយោជន៍ទូទៅដល់ទណ្ឌិតក្នុងការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសតាមច្បាប់ស្តីពីពន្ធនាគារ និងដើម្បីដោះស្រាយនូវបញ្ហាប្រឈម ក៏ដូចជារក្សាបាននូវសន្តិសុខ សុវត្ថិភាព សុខុមាលភាព ជនជាប់ឃុំ ពិសេសដើម្បីអនុវត្តស្របតាមបទដ្ឋានគតិយុត្តជាតិ និង អន្តរជាតិ ព្រមទាំងបញ្ជៀសឱ្យបានទាំងស្រុង នូវភាពចង្អៀតណែនក្នុងពន្ធនាគាររបស់ជនជាប់ឃុំទាំង៤ប្រភេទស្ទើរគ្រប់ពន្ធនាគារទូទាំងប្រទេស ផងដែរ៕