ចឹងៗ ឲ្យទៅលេងកម្សាន្តម៉េចកើត! សណ្ឋាគារសុខា និង សណ្ឋាគារស៊ីហ៊ួ បង្ហូរទឹកកខ្វក់ចូលឆ្នេរសមុទ្រធ្វើឲ្យភ្ញៀវទេសចរជាតិ.អន្តរជាតិលែងហ៊ានចុះលេងទឹកសមុទ្រ
ព័ត៌មាន
829

ខេត្តព្រះសីហនុ៖ សណ្ឋាគារ សុខា និង សណ្ឋាគារស៊ីហ៊ួ ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំ បានបង្ហូរទឹកសំណល់កខ្វក់ចាក់ចូលទៅក្នុងសមុទ្រជាប្រចាំនៅត្រង់ចំណុចចន្លោះឆ្នេរសណ្ឋាគារទាំង២នេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទឹកសមុទ្រនិងបរិស្ថានតំបន់ឆ្នេរ ។

ករណីនេះធ្វើឲ្យភ្ញៀវទេសចរជាតិ.អន្តរជាតិសម្តែងការរិះគន់ទៅលើមន្ទីរជំនាញ និងអាជ្ញាធរដែនដីថាមានការធ្វេសប្រហែសបណ្តែតបណ្តោយឲ្យម្ចាស់សណ្ឋារគារទាំង០២ខាងលើធ្វើព្យុះធ្វើភ្លៀងបានតាមចិត្ត ។

ភ្ញៀវទេសចរជាតិ.អន្តរជាតិ ជាច្រើនដែលមកលេងកម្សាន្តក្នុងក្រុងព្រះសីហនុ ជាពិសេស គឺភ្ញៀវ ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំទាំង០២ខាងលើ បានធ្វើការរិះគន់ត្រង់ៗ ទៅលើ គណៈកម្មកាគ្រប់គ្រងតំបន់ឆ្នេរ2+ខេត្តព្រះសីហនុ ថាការបង្ហូទឹកកខ្វក់និងមានក្លិនស្អុយដូចគំរង់ចូលសមុទ្របំពុលបរិស្ថានបែបនេះវាជាបញ្ហាប្រឈមដ៍ធ្ងន់ធ្ងរប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ.អន្តរជាតិដែលចុះងូតទឹកសមុទ្រលេងកម្សាន្ត។

ក្រុមបុគ្គលិកបំរើការងារនៅក្នុងសណ្ឋាគារសុខា បានលួចខ្សិបប្រាប់ថា ទឹកកខ្វក់មានក្លិនស្អុយរបៀបនេះ មិនមែនទើបកើតមាននោះទេ គឺកើតមានយូរឆ្នាំមកហើយ ប៉ុន្តែគ្រាន់តែកន្លងមកមិនទាន់មានការសាងសង់សណ្ឋាគារស៊ីហ៊ូរ ទឹកសម្អុយ ដែលហូរចាក់ចូលសមុទ្រនោះ វាមិនចាល់បុកមកឆ្នេរខ្សាច់នោះទេ គឺវាហូរធ្លាក់ចូលទៅក្នុងសមុទ្រផុតៗតែម្តង ។ ប៉ុន្តែសំរាប់រយៈពេល២ឆ្នាំចុងក្រោយនេះ បន្ទាប់ពីសណ្ឋាគារ ស៊ីហ៊ូរ សង់ផែចតទូក បិទចំច្រកទឹកហូរ ធ្វើឲ្យទឹកស្អុយ ដែលហូរចាក់ចូលសមុទ្រ ហូរនៅវិលវល់ មិនទៅមុខមិនទៅក្រោយ បាចសាចពេញលើឆ្នេរសមុទ្រ ត្រង់កន្លែងភ្ញៀវទេសចរចុះលេងទឹក យ៉ាងពេញបន្ទុកតែម្តង ជាហេតុធ្វើឲ្យភ្ញៀវលែងហ៊ានចុះមុជទឹកលេង ដូចឆ្នាំមុនៗកន្លងមក។

លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានទទួលស្គាល់ថា ពិតជាមាន បញ្ហានេះកើតឡើងមែន ។ លោកបញ្ជាក់ថា ជុំវិញបញ្ហាទឹកស្អុយខាងលើនេះ ខាងក្រសួងដែនដី បានចុះមកធ្វើការសិក្សា និងចាប់ផ្តើមធ្វើអាងចម្រោះហើយ ដើម្បីការពារមិនឲ្យទឹកស្អុយនោះ ហូរចូលសមុទ្រ បន្តទៀតទេ ដូចនេះ នៅពេល អាងចម្រោះកសាងរួចរាល់ ឆ្នេរសមុទ្រខាងលើ នឹងល្អប្រសើរវិញហើយ ។

ទោះបីយ៉ាងណា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ.អន្តរជាតិនៅតែ រិះគន់ទៅលើមន្ទីរជំនាញ អាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ ជាពិសេសគណ:កម្មាធិការគ្រប់គ្រងតំបន់ឆ្នេរ ថា អសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំទើបមានករណីបែបខាងលើកើតឡើង៕