អ្នកទោសជាជនជាតិវៀតណាម កំពុងជាប់ពន្ធនាគារនៅថៃ ខ្លះបានសុំផ្ទេរ មកជាប់ពន្ធនាគារនៅកម្ពុជាវិញ
ព័ត៌មាន
941

រាជធានីភ្នំពេញ៖ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានឲ្យដឹងថា មានអ្នកទោសជាជនជាតិវៀតណាម កំពុងជាប់ ពន្ធនាគារនៅថៃ បានស្នើសុំផ្ទេរ មកជាប់ពន្ធនាគារនៅកម្ពុជាវិញ ខណៈបច្ចុប្បន្នអ្នកទោសជនជាតិខ្មែរ ចំនួន ២៩១០នាក់ (ស្រ្តីចំនួន ២៦៩នាក់ បុរសចំនួន ២៦៤១នាក់) កំពុងជាប់ពន្ធនាគារនៅថៃ ។

យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតខ្មែរប្រចាំប្រទេសថៃ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨បានឲ្យដឹងថា ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានចុះសួរសុខទុក្ខទណ្ឌិត តាមមន្ទីរឃុំឃាំងជារៀងរហូត។ ចំពោះបញ្ហាផ្ទេរទណ្ឌិត គឺត្រូវអនុវត្តតាមកិច្ចព្រមព្រៀង ស្តីពី ការផ្លាស់ប្តូរអ្នកទោស រវាងកម្ពុជា និងថៃ ដែលមានដូចជា៖ ទី១-បទល្មើស ដែលអាចផ្ទេរអ្នកទោស បានលុះត្រាបទល្មើសនោះ ត្រូវជាប់ពន្ធនាគារចាប់ពីមួយឆ្នាំទ្បើងទៅ , ២- ទណ្ឌិតដែលអាចផ្ទេរបាន លុះត្រាទណ្ឌិតនោះ ត្រូវជាប់ទោស២/៣ នៃទោសរួម និងទី៣-ទណ្ឌិតដែលអាចផ្ទេរបាន លុះត្រាសាម៉ីខ្លួនស្នើសុំជាលាយលក្ខអក្សរ ។

សេចក្ដីជូនដំណឹងបន្ថែមថា “កន្លងមកមានអ្នកទោសខ្លះ ជាជនជាតិវៀតណាម ហើយសុំផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជា ប៉ុន្តែករណីនេះ ស្ថានទូតមិនអាចដោះស្រាយបានទេ ដូច្នេះស្ថានទូតត្រូវទៅពិនិត្យមើលអ្នកទោសនោះសិន ថា គាត់សញ្ជាតិអ្វីពិតប្រាកដ ព្រោះស្ថានទូតអាចដោះស្រាយបានលុះត្រា តែអ្នកទោសនោះជាជនជាតិខ្មែរ”។

ប្រភពឲ្យដឹងទៀតថា មានអ្នកទោសខ្លះសុំផ្ទេរ មកជាប់នៅពន្ធនាគារកម្ពុជា ដោយផ្ទាល់មាត់ លុះដល់ស្ថានទូត ឲ្យធ្វើពាក្យស្នើសុំផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ថា ខ្លួនស្ម័គ្រចិត្តមកបន្តជាប់ពន្ធនាគារនៅកម្ពុជាវិញ បែរជាគាត់មិនព្រម ធ្វើលិខិតស្នើសុំទាល់តែសោះ។ ស្ថានទូតមិនអាចបង្ខិតបង្ខំទណ្ឌិត ឲ្យផ្ទេរមកកម្ពុជាបានទេ បើសាម៉ីខ្លួនមិនស្ម័គ្រចិត្ត ផ្ទេរមកកម្ពុជា៕