ប្រុងខ្លួនទៅ! អគ្គស្នងការ នគរបាលជាតិ បញ្ជាឲ្យស្រាវជ្រាវរកម្ចាស់គណនីហ្វេសប៊ុក ដែលបង្ហោះវីដេអូឃ្លីបថាមាន ជនជាតិចិន មួយក្រុម ប្រដាប់ដោយកំបិតកាប់ចាក់គ្នា នៅភ្នំពេញ
ព័ត៌មាន
841

រាជធានីភ្នំពេញ៖ ក្រោយពី សង្គមហ្វេសប៊ុក មួយចំនួនបង្ហោះវីដេអូឃ្លីបថា មានជនជាតិចិន មួយក្រុម ប្រដាប់ដោយកំបិតកាប់ចាក់គ្នា នៅក្នុងរាជធានីភ្នំពេញនោះ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានបញ្ជាឲ្យមន្រ្តីនគរបាលជំនាញស្រាវជ្រាវ ស៊ើបអង្កេតវែកមុខរកបុគ្គល ដែលបានបង្ហោះឃ្លីបវីដេអូនេះ ចាត់វិធានការទៅតាមផ្លូវច្បាប់។

លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសមុខតំណែង នាយនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ចំនួនបីរូប នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ថា “អគ្គស្នងការនគរបាល បានបញ្ជា ឲ្យមន្រ្តីនគរបាលដែលពាក់ព័ន្ឋទាំងអស់ ត្រូវចុះស្រាវជ្រាវនិងស៊ើបអង្កេតជាបន្ទាន់ ចំពោះបុគ្គល ដែលបានបង្ហោះឃ្លីបវិដេអូជនជាតិចិនមួយក្រុម ប្រដាប់ដោយកំបិតកាប់ចាក់គ្នា នៅក្នុងរាជធានីភ្នំពេញ ដែលទង្វើនេះ វាអាចឲ្យមានការភ័ន្តច្រឡំ និងអសន្តិសុខសង្គមខ្មែរទាំងមូល”។

លោកអគ្គស្នងការរងនគរបាលជាតិ រូបនេះបន្ដថា វីដេអូដែលបង្ហោះតាមបណ្តាញសង្គមនេះ មិនមែនជាការ ពិតដូចកើតមានតាមខ្សែវីដេអូនេះឡើយ។ តាមការពិនិត្យរបស់សមត្ថកិច្ច នៃក្រុមជំនាញ បានបញ្ជាក់ថាវីដេអូនេះ មានការកាត់តរូបភាពក្នុងចេតនាបំពុល បរិយាកាសសង្គម បង្កឲ្យមានការភ័ន្តច្រឡំ និងបង្កើតឲ្យមានការរើសអើងពូជសាសន៍ ក្នុងប្រទេសកម្ពុជាហើយអគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជារឲ្យតាមចាប់ បុគ្គលដែលបានបង្ហោះ នេះឲ្យបានដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ និងកុំឲ្យមានករណីនេះកើតមានបន្តទៀត ដែលជាកត្តាធ្វើឲ្យសង្គមវឹកវរ និងមានការរើសអើងជាតិសាសន៍ជាដើម៕