លទ្ធផលមិនគោរពច្បាប់ចរាចរណ៍! ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព បន្ថែមល្បឿនគេចពីសមត្ថកិច្ច ជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រ រងរបួសបាក់ជើងខាងស្តាំ
ព័ត៌មាន
385

រាជធានីភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងគ្មានកញ្ចក់មើលក្រោយ យើមិនពាក់មួកសុវត្ថិភាពទៀត ខណ:ជិះមកដល់ចំណុចសមត្ថកិច្ចកំពុងដាក់គោលដៅពង្រឹងច្បាប់ចរាចរណ៍ ក៏ព្យាយាមបើកបញ្ច្រាសផ្លូវដើម្បីគេចពីសមត្ថកិច្ច ស្រាប់តែជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងពេលញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់វ័យប្រហែល២៥ឆ្នាំ បានបើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-3633 តាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅបើកមកពីស្ពានអាកាសស្ទឹងមានជ័យ ឆ្ពោះទៅស្តុបណូគា ដោយម៉ូតូពុំមានបំពាក់កញ្ចក់មើលក្រោយ ហើយអ្នកបើកបរមិនបានពាក់មួកសុវត្ថិភាពទៀតផង។ លុះមកដល់ក្បែរចំណុចកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកកំពុងតែដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយខ្លាចសមត្ថកិច្ចចាប់ធ្វើការផាកពិន័យ ក៏បានព្យាយាមជិះគេចឆ្លងទៅផ្លូវម្ខាងទៀតយ៉ាងលឿន បញ្រ្ចាសទិសដៅចរាចរណ៍ ក៏ជ្រុលទៅបុកនិងរថយន្តកុងតឺន័រមួយគ្រឿងទៀតម៉ាក ហ្វុយហ្សូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-1605 ចំពីមុខពេញទំហឹងបណ្តោយអ្នកបើកបរម៉ូតូរងរបួសបាក់ជើងខាងស្តាំ។ រីឯម៉ូតូរងការខូចខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ។ ចំណែកឯរថយន្តរងការខូចខាតកំពឹតកាងផ្នែកខាងមុខចំហៀងខាងឆ្វេង។

ក្រោយពេញកើតហេតុ បុរសរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន ហុងហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ដោយឡែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ៕