ស្លាប់មិនដែលខាន! ថ្ងៃទី៦ ខែធ្នូ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន៩លើក ស្លាប់៨ និងរបួស១៤នាក់
ព័ត៌មាន
143

រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង, រថយន្តតូច៣គ្រឿង, គោយន្ដ១គ្រឿង និងរថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ និងកត្តាយានយន្ដ។

សូមបញ្ជាក់ថា រយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៦៧លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន៣១នាក់, របួសធ្ងន់៦២នាក់ និងរបួសស្រាល៣២នាក់៕