ឥទ្ធិពលគ្រឿងញៀន! បុរសបែកថ្នាំដុតបំផ្លាញផ្ទះ ម្តាយប្ដឹងឲ្យសមត្ថកិច្ចឲ្យមកចាប់ទៅអប់រំកែប្រែខ្លួននៅក្នុងពន្ធនាគារ
ព័ត៌មាន
137

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បែកថ្នាំទប់ស្មារតីខ្លួនឯងលែងបាន ដុតបំផ្លាញផ្ទះរបស់ខ្លួនបណ្តាលឲ្យឆេះខ្ទេចមួយផ្នែកក្រោយ ស្រ្តីជាម្ដាយស៊ូទ្រាំលែងបាន ក៍ប្ដឹងសមត្ថកិច្ចឲ្យមកចាប់យកទៅកែប្រែខ្លួននៅក្នុងពន្ធនាគារ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចតក់ឡក់ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ។

បុរសម្នាក់បែកថ្នាំទប់ស្មារតីខ្លួនឯងលែងបាននោះ ឈ្មោះ ពុំ ហៀន អាយុ២៩ឆ្នាំ បែកថ្នាំមានសតិមិនប្រក្រតី (និយាយច្រើនផ្តេសផ្តាស) រស់នៅជាមួយម្ដាយ។

ក្រោយពីបានទទួលពាក្យបណ្តឹងពីឈ្មោះ ឆាំ រឿន ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិឃុំខាងលើ សុំសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់គ្រឿងញៀន ទៅលើកូនប្រុសបង្កើតរបស់គាត់ឈ្មោះ ពុំ ហៀន ដែលបានដុតបំផ្លាញផ្ទះរបស់ខ្លួនបណ្តាលឲ្យឆេះខ្ទេចមួយផ្នែកមក កម្លាំងសមត្ថកិច្ចបានចុះទៅចាប់ខ្លួនឈ្មោះ ពុំ ហៀន ដែលកំពុងដេកនិយាយម្នាក់ឯងលើរានក្បែរមាត់អូរតក់ឡក់ ខាងក្រោយផ្ទះ និងបានរកឃើញសម្ភារ:សម្រាប់ជក់ថ្នាំញៀនមួយកំប្លេ និងស្នាមឆេះផ្ទះនៅហ៊ុយផ្សែងនៅឡើយ។

បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តទឹកនោមរបស់ឈ្មោះ ពុំ ហៀន ដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលឃើញ វិជ្ជមាន ។ ខណៈនោះស្រ្តីជាម្តាយពុំមានលទ្ធភាពយកកូនទៅមណ្ឌលកែប្រែ បានសំណូមពរឲ្យសមត្ថកិច្ចបញ្ជូនកូនប្រុសគាត់ទៅកែប្រែខ្លួននៅក្នុងពន្ធនាគារ តាមច្បាប់ចុះ៕