រថយន្ត​ ហាយឡែនឌ័រ​​ រេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ បណ្តាលអោយរថយន្តខូចខាតយ៉ាងដំណំ​
ព័ត៌មាន
187

រាជធានីភ្នំពេញ​៖​ បុរសម្នាក់បើករថយន្ត​ ហាយឡែនឌ័រ​ ១គ្រឿង​រេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ពេញទំហឹង​ បណ្តាលអោយរថយន្តខូចខាតយ៉ាងដំណំ​ នាវេលាម៉ោង២៣និង៣០នាទីយប់​ ថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ​ ២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង​ កែងផ្លូវ១៩៣​ នៅក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌចំការមន​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​៖​ មុនកើតហេតុ​គេបានឃើញ​ បុរសម្នាក់​បើករថយន្ត​១គ្រឿង​ម៉ាក​ ហាយឡែនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​2AH-4535 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីកើតមកលិច​ ខណៈពេលមកដល់ចំណុចកែងនឹងផ្លូវលេខ១៩៣​ ស្រាប់តែរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ពេញទំហឹង បណ្តាលអោយរថយន្តខូចខាតយ៉ាងដំណំ​ តែមិនបង្កអោយមានមនុស្សរងរបួសនោះឡើយ​ ប្រភពបន្តថា​៖​ ខណៈកើតហេតុរួច​ ក៏មានរថយន្ត​ ឡង់គ្រីស្ស័រ​ ស៊េរីទំនើប​ ​ ១គ្រឿង​ដែលមានពាក់ស្លាកលេខ​ ពោធិ៍សាត់​ 2A-9999 បាននាំអ្នកបើករថយន្ត​ ហាយឡែនឌ័រ​ ខាងលើ ចេញពីកន្លែងកើត​ភ្លាមៗតែម្តង​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានចុះមកវាស់វែងយក រថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ​ ៕