ក្រោយជាប់ពន្ធនាគារ២ឆ្នាំ ! ពលរដ្ឋខ្មែរ៧នាក់ ត្រូវអាជ្ញាធរថៃ ដោះលែងនិងបញ្ជូនមកឱ្យអាជ្ញាធរខ្មែរវិញ
ព័ត៌មាន
129

ខេត្តព្រះវិហារ៖ ក្រោយពីត្រូវជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់ ដើម្បីទៅកាប់ដើមគ្រញូង នៅក្នុងទឹកដៃថៃ មក ប្រជាពលរដ្ឋខ្មែចំនួន៧នាក់ ត្រូវអាជ្ញាធរថៃដោះលែង និងបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជាវិញ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ តាមច្រកទ្វារអានសេះ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ។

ប្រជាពលរដ្ឋខ្មែរទាំង៧នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកណាំឃុន ខេត្តឧប៊ុន ប្រទេសថៃ ពីបទលួចឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង តាមចំណុចព្រលានតាទុំ នៅក្នុងភូមិសាស្ត្រ ភូមិឈើទាលគង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយត្រូវជាប់ពន្ធនាគារក្នុងម្នាក់រយៈពេល២ឆ្នាំ។

ពលរដ្ឋខ្មែរទាំង៧នាក់នេះ រួមមានទី១៖ឈ្មោះ សូ រ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ, ទី២៖ ឈ្មោះ កែវ យុទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ, អ្នកទាំង០២ ខាងលើនេះ រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត , ទី៣៖ ឈ្មោះ ខន ភីអិច ភេទប្រុស អាយុ១៨ឆ្នាំ, ទី៤៖ ឈ្មោះ អៀង ឯក ភេទប្រុស អាយុ២៥ឆ្នាំ, ទី៥៖ ឈ្មោះ យ៉ន រីមសុខ ភេទប្រុស អាយុ៥៦ឆ្នាំ អ្នកទាំង០៣នេះ រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត , ទី៦៖ ឈ្មោះ យាង កែន ភេទប្រុស អាយុ២៩ឆ្នាំ និងទី៧៖ ឈ្មោះ ទិត្យ សៀ ភេទប្រុស អាយុ៣៤ឆ្នាំ ទាំង០២នាក់នេះរស់នៅភូមិសង្កែរ ឃុំសង្កែរ១ ស្រុកឆែប ។

ក្រោយពីបញ្ជូនមកដល់ច្រកទ្វារព្រំដែនវិញ សមត្ថកិច្ចទំនាក់ទំនងព្រំដែន ច្រកតំបន់អានសេះ បានឱ្យវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិ៕