មកដល់ភ្លាម សម្ដែងភ្លែត! តារាសម្ដែងជើងចាស់ យស បូវណ្ណ: ចាប់ផ្ដើមសម្ដែងឆាកឈុតធំ ជាមួយដៃគូចាស់ គឺអ្នកនាង ចាន់ តារាទី
កម្សាន្ត
828

រាជធានីភ្នំពេញ៖ គ្រាន់តែចុះមកជាន់ដីមាតុប្រទេស មិនទាន់បានប៉ុន្មានម៉ោងផង កាលពីព្រឹកថ្ងៃទី៤ ធ្នូ លោក យស បូវណ្ណ: តារាសម្ដែងជើងចាស់ ត្រូវចាប់ផ្ដើមសម្ដែងភ្លាមៗឈុតធំ នៅខាងក្រោយវត្តគោកឃ្លាង ជាមួយនឹងដៃគូចាស់ គឺអ្នកនាង ចាន់ តារាទី ក្នុងឆាកឈុតភ្លើងឆេះផ្ទះ រលេះរលួយរាងកាយ ហើយលោកត្រូវគេឃើញតុបតែងជាមនុស្សរលាកភ្លើង និងតម្រូវឲ្យសម្ដែងក្នុងប្លង់កម្សត់ និងពិបាកសម្ដែង។

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានថ្ងែងថា ដោយសារតែលោក យស បូវណ្ណ: មានពេលតែប្រមាណ២០ថ្ងៃ ថតរឿង«លោកឪពុក» ទើបខាងផលិតកម្មសម្រុកចេញថតភ្លាមៗតែម្ដង ដោយអតីតារាល្បីល្បាញកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០រូបនេះ ត្រូវសម្ដែងក្នុងប្លង់ធំ ដែលមានតារាសម្ដែងរួមជាមួយច្រើននាក់តែម្ដង។ លោកអ៊ិន សុភិន បានសអះអាងថា ក្នុងប្លង់ត្រូវភ្លើងឆេះផ្ទះនេះ គឺជាប្លង់សំខាន់ជាងគេក្នុងរឿង ហើយក៍ជាប្លង់ដែលតម្រូវឲ្យលោកយស បូវណ្ណ: ក្លាយជាបុរសពិការជើង ព្រោះតែដើម្បីសង្គ្រោះជីវិតកូនស្រីនោះដែរ ប៉ុន្តែចុងក្រោយកូនស្រីរបស់លោក បែរជាធំដឹងក្ដី ដោយការប្រមាថលោកយស បូវណ្ណ: ជឪពុក ព្រោះតែលោកពិការ ក្រីក្រ ហើយថាក្នុងរឿង”លោកឪពុក” លោកយស បូវណ្ណ: គឺជាតួឪពុកដែលឆ្លុះបញ្ចាំងពីទឹកចិត្តឪពុកកម្សត់មួយ ដែលសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីឲ្យកូនស្រីបានល្អ គឺទោះជាលោកពិការ និងរកស៊ីលក់ដូរតាមរទេះ ដែលកូនស្រីមិនចង់ទទួលស្គាល់ជឪពុក។ ដៃគូជាមួយជាមួយលោក យស បូវណ្ណ: គឺអ្នកនាង ចាន់ តារាទី។

លោកយស បូវណ្ណ: បានថ្លែងថា លោកសប្បាយចិត្តណាស់ ដែលបានសម្ដែងបើកឆាកដំបូងនេះ ហើយសម្ដែងឆាកធំតែម្ដង ដែលជាឈុតដែលគ្រាន់តែអានសាច់រឿង គឺអួលដើមកចង់ស្រក់ទឹកភ្នែក។ តែយ៉ាងណា លោកថា មិនមានការលំបាកនោះទេ ដោយសារតែលោកសម្ដែងប៉ះចំដៃគូល្អៗ ។ថ្វីបើលោកខានសម្ដែងច្រើនឆ្នាំមកហើយ ក៍ពិតមែន តែអារម្មណ៍និងបទពិសោធន៍ គឺនៅតែដិតដាមក្នុងអារម្មណ៍ជាប់ជានិច្ច៕