របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៦២
ប្រវត្តិសាស្ត្រ
265

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖  

                                                                    ជំពូកទី៧        

                                                               អំពីគណៈរដ្ឋមន្ត្រី

មាត្រា៧៩ : គណៈរដ្ឋមន្ត្រីជារដ្ឋាភិបាលនៃព្រះមហាក្សត្រិយ៍ គណៈរដ្ឋមន្ត្រីមានសមាជិកយ៉ាងច្រើនមានដប់ពីររូប រាប់បញ្ចូលទាំងរដ្ឋលេខាធិការផង។

ជនម្នាក់អាចទទួលតំណែងជាតំណាងរាស្ត្រឬទីប្រឹក្សាព្រះរាជណាចក្រផង ហើយជារដ្ឋមន្ត្រីផងបាន។ នឹងយកសមាជិកនៃរដ្ឋសភា និងក្រុមប្រឹក្សាព្រះរាជអាណាចក្រ ឬជនដែលពុំមែនជាសមាជិកនៃសភាទាំងពីរមកធ្វើជារដ្ឋមន្ត្រី ក៏បាន។

នៅខាងក្រោមខ្លឹមសារទាំង១០ជំពូក និង១០៧មាត្រា នៃរដ្ឋធម្មនុញ្ញនោះ មានសរសេរថា ធ្វើក្នុងព្រះបរមរាជវាំងក្រុងភ្នំពេញ នៅថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំកុរ នព្ធស័កព្រះពុទ្ធសករាជ ១៩៤៧។

​​​​ ​​​​​​​​                                                           ព្រះបរមរាជហត្ថលេខា

                                                                    ន.សីហនុ

រដ្ឋធម្មនុញ្ញនេះ ត្រូវបានព្រះមហាក្សត្រនរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧ តទៅ ហើយព្រះរាជាណាចក្រកម្ពុជា បានក្លាយពីប្រទេសដែលប្រកាន់របបសម្បូរណាជ្ញាសិទ្ធិរាជ តាំងពីការកកើតទឹកដីដំបូងជាង២០០០ឆ្នាំកន្លងមកហើយនោះ ទៅជាប្រទេសដែលប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបការគ្រប់គ្រងប្រទេសដ៏ទាន់សម័យមួយ ជំនួសវិញ។

រដ្ឋធម្មនុញ្ញនោះ មានខ្លឹមសារប្រហាក់ប្រហែលគ្នានឹងរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋទី៤របស់បារាំងដែរ ដោយអំណាចទាំងអស់ត្រូវចេញពីរដ្ឋសភា និងព្រឹទ្ធសភា គ្រាន់តែនៅកម្ពុជា មានក្រុមប្រឹក្សាព្រះរាជាណាចក្រជំនួសដោយព្រឹទ្ធសភាប៉ុណ្ណោះ។ ប៉ុន្តែមាត្រា២១ បានចែងច្បាស់ថា អំណាចគ្រប់យ៉ាង មកពីព្រះមហាក្សត្រ បានន័យថា អំណាចគ្រប់យ៉ាងបើព្រះមហាក្សត្រមិនប្រទានឲ្យទេ គឺមិនបានជាដាច់ខាត។

ព្រះអង្គម្ចាស់មុនីរ៉េត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាព្រះរាជាណាចក្រ។

ក្រោយពីព្រះអង្គម្ចាស់យុត្តិវង្ស ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសមានប្រហែល៣-៤ខែ ព្រះមហាក្សត្រនរោត្តម សីហនុ បានធ្វើការវាយតម្លៃថា អ្វីៗដែលទ្រង់យុត្តិវង្ស និយាយពីផលប្រយោជន៍បស់ប្រជារាស្ត្រនោះ គឺគ្រាន់តែដើម្បីកែលម្អការផេ្ទរអំណាចពីព្រះមហាក្សត្រមកឲ្យក្រុមរបស់ទ្រង់តែប៉ុណ្ណោះ។ ជានិច្ចកាលនៅមុខប្រជារាស្ត្រ ហើយរហូតនៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រទៀតផង ទ្រង់យុត្តិវង្ស តែងតែលើកឡើងអំពីវីរភាពនយោបាយរបស់គណបក្សប្រជាធិបតេយ្យរបស់ទ្រង់ តាមរយៈការឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីនេះ គឺបាញ់ឆ្ពោះទៅរកការអភិវឌ្ឍន៍ ពោលទ្រង់ត្រូវបើកទ្វារសាលាបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យថ្មីៗដែលប្រទេសជាតិកំពុងមានការខ្វះខាត។ ការពិតជោគវាសនា ពួកបញ្ញាវន្តមួយចំនួនតូចជាកូនចៅរបស់ពួកនាម៉ឺនមន្ត្រី និងពួកគហបតីធំៗដែលមានសំណាងបានទៅរៀនសូត្រនៅប្រទេសបារាំង និងស្ពាយសញ្ញាបត្រជាន់ខ្ពស់ត្រឡប់មកមាតុប្រទេសរបស់ខ្លួនវិញ ខណៈដែលវិស័យអប់រំស្ថិតក្នុងភាពអន់ខ្សោយនៅឡើយតែប៉ុណ្ណោះ។

ព្រះមហាក្សត្រនរោត្តម សីហនុ បានធ្វើការវាយតម្លៃបន្តថា ពួកប្រជាធិបតេយ្យបានអះអាងនូវឧត្តមភាពខាងប្រាជ្ញាស្មារតី និងចំណោះដឹងរបស់ពួកគេ ក្នុងការអភិវឌ្ឍន៍ទៅលើវិស័យបឋមសិក្សានិងមធ្យមសិក្សាបែបនេះ គឺមិនអាចចាត់ទុកថា ជាពួកវីរជនបានទេ។

ដោយក្តៅក្រហាយនឹងការធ្វើនយោបាយប្រជាភិថុរបស់ព្រះអង្គមា្ចស់ស៊ីសុវត្ថិ យុត្តិវង្ស ណជានាយករដ្ឋមន្ត្រីនោះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត បានបង្កើតកាសែតជាភាសាបារាំង មួយឈ្មោះក្របីព្រៃ ដើម្បីសរសេររិះគន់ វាយប្រហារទៅលើរាជរដ្ឋាភិបាលទ្រង់យុត្តិវង្ស ដែលកំពុងដឹកនាំប្រទេសយ៉ាងចាស់ដៃ រហូតទ្រង់ត្រូវខ្ទាតចេញពីតំណែងប្រធានក្រុមប្រឹក្សាព្រះរាជណាចក្រ ក៏តាំងខ្លួនជាអ្នកកាសែតប្រឆាំងដោយចំហរតែម្តង។

ចំណែកព្រះមហាក្សត្រសីហនុ ដែលមិនសប្បាយព្រះទ័យប៉ុន្មានជាមួយនឹងការក្អេងក្អាងរបស់គណបក្សប្រជធិបតេយ្យដែរនោះ ក៏បានលួចសរសេរអត្ថបទរិះគន់វាយប្រហារទៅលើពួកប្រជាធិបតេយ្យជាសម្ងាត់ខ្លះៗ តាមរយៈទំព័រកាសែតក្របីព្រៃនោះ ដោយដាក់ឈ្មោះនៅខាងក្រោមអត្ថបទថា នរោត្តម ថុល ដែលឈ្មោះថុល នេះព្រះអយ្យកោរបស់ព្រះអង្គ គឺព្រះនរោត្តម សុធារស ប្រទានឲ្យតាំងពីព្រះអង្គនៅតូចមកម្ល៉េះ។ (មានត.ទៅទៀតនៅភាគទី៦៣)