ពេលអីខ្លីម្ល៉េះ! តារាភាពយន្តជើងចាស់ យស់ បូវណ្ណ: មានឱកាសតែ៣សប្ដាហ៍ប៉ុណ្ណោះ ក្នុងការមកថតរឿង “លោកឪពុក”
កម្សាន្ត
472

តារាសម្ដែងជើងចាស់ លោក យស បូវណ្ណ: ជាតារាល្បីល្បាញក្នុងជំនាន់អ្នកនាង អម្ពរ ទេវី ក្រោយពីលោកចេញទៅរស់នៅសហរដ្ឋអាមេរិក ជាច្រើនឆ្នាំមកហើយនោះ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីវេលាថ្ងៃត្រង់ទី២ធ្នូ ឆ្នាំ២០១៨ ដោយមានក្រុមអ្នកសារព័ត៍មាន និងតារាសិល្ប:មកទទួលយ៉ាងច្រើនកុះករ។

តារាសម្ដែងជើងចាស់ លោក យស បូវណ្ណ: បានឲ្យដឹងថា ហេតុផលដែលលោកធ្វើដំណើរមកកាន់មាតុប្រទេសលើកនេះ គឺដោយសារតែលោក អ៉ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានទាក់ទងឲ្យលោកថតរឿង “លោកឪពុក” គឺស្របពេលគ្នាដែលលោកក៏ចង់បង្ហាញស្នាដៃមួយរឿងដូចគ្នានឹងអ្នកនាង អម្ពរ ទេវី ដែរ ទើបលោកសម្រេចចិត្តដាក់ច្បាប់៣សប្ដាហ៍ពីការងារនៅសហរដ្ឋអាមេរិក ធ្វើដំណើរមកកាន់មាតុប្រទេស ដើម្បីមកថតរឿងនេះ។

លោកយស បូវណ្ណ: បន្តថា ក្រោយៗទៀត លោកក៍មានគម្រោងថតរឿងបន្តបន្ទាប់ទៀត ប៉ុន្តែសម្រាប់ឱកាសចុះមកលើកនេះ គឺថតឲ្យតែផលិតកម្មមហាហង្សមួយគត់ ដោយសារតែលោកត្រូវស្នាក់នៅកម្ពុជាបានតែ៣សប្ដាហ៍ប៉ុណ្ណោះ ហើយក្នុងនោះ សូម្បីតែគម្រោងដើរលេង ក៏ប្រហែលមិនមានដែរ ព្រោះបើតាមកាលវិភាគ គឺលោកត្រូវថតក្នរឿង “លោកឪពុក” នេះ រហូតដល់ជិត២០ថ្ងៃទៅហើយ ៕