បាត់មុខ១០ឆ្នាំក៍មិនទាន់ហួសពេលដែរ! អតីតFreshie Girls 2005 ប្រាសាទ ដាវីន ត្រឡប់មកវិញ ទាំងសមត្ថភាពសម្ដែង និងរូបសម្រស់ ហាក់មិនប្រែប្រួល
កម្សាន្ត
646

ភ្នំពេញ៖ អតីតFreshie Girls 2005 ចំណាត់ថ្នាក់លេខ៣ ប្រាសាទ ដាវីន បានចាកចេញទៅរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី រយៈពេល១០ឆ្នាំមកហើយ។ តែរយៈពេល២ឆ្នាំចុងក្រោយនេះ នៅលើទឹកដីកំណើត តារាស្រីរូបនេះនៅតែទទួលបានការគាំទ្រខ្លាំង នៅលើទីផ្សារសិល្បៈ មិនចាញ់តារាល្បីៗជំនាន់ក្រោយនោះទេ។

ការ បង្ហាញមុខនៅលើទីផ្សារសិល្បៈជាថ្មី ក្នុងកម្មវិធីសិល្បៈនានា ពិសេសការងារបង្ហាញម៉ូតសម្លៀកបំពាក់ធំៗដែលប្រមូលផ្តុំដោយសិល្បករ និងអ្នកជំនាញច្នៃម៉ូតល្បីៗថ្នាក់ជាតិ និងអន្តរជាតិ ជាដើម អតីតFreshie Girls 2005 រូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការ ភ្ញាក់ផ្អើល ទាំងសមត្ថភាពសិល្បៈ និងរូបសម្រស់ស្រស់សោភារបស់នាងហាក់មិនប្រែប្រួលទៅតាមពេលវេលានិងអាយុកាលនោះឡើយ ។

កាលពីថ្មីៗនេះ ប្រាសាទ ដាវីន បញ្ជាក់ថានាងបានចេញចូលប្រទេសកម្ពុជា និងអូស្ត្រាលី ញឹកញាប់ព្រោះនាងទទួលបានសញ្ជាតិអូស្ត្រាលី ពេញលេញ ហើយថាការវិលមករកការងារសិល្បៈនេះ ក៍ព្រោះតែចិត្តស្រលាញ់ និងក្រោយពីការទទូចរបស់ផលិតករនិងអ្នកច្នៃម៉ូតមួយចំនួន។ តែនាងមិនទាន់ទទួលការងារសម្តែងជាទ្រង់ទ្រាយធំនៅឡើយ ព្រោះតែត្រូវលៃលកមើលពេលវេលាផងដែរ។

តារាស្រីរូបនេះបញ្ជាក់ថា កន្លងមកមានផលិតកម្មខ្លះបានទាក់ទងមកនាង ប៉ុន្តែនាងមិនទទួលព្រោះតែពេលវេលាមិនអំណោយផល។ នាងត្រូវការពេលវេលាគ្រប់គ្រាន់ ហើយក៏ចង់ទទួលបានការងារសម្ដែងណា ដែលផ្តល់តម្លៃសមរម្យ ទៅតាមសមត្ថភាព និងជំនាញរបស់នាងផងដែរ។

ប្រាសាទ ដាវីន មានឈ្មោះកំណើត វ៉ែន ដាវីន បានចូលប្រឡូកក្នុងវិស័យសិល្បៈ តាមរយៈការប្រឡង Freshe Girl ក្នុងឆ្នាំ២០០៥ ដែលកាលនោះ នាងទទួលបានចំណាត់ថ្នាក់លេខ៣ ។បន្ទាប់មក នាងកាន់លេចធ្លោក្នុងវិស័យសិល្បៈជាច្រើនទម្រង់ ទាំងការសម្តែង និងបង្ហាញម៉ូត ។

ជាមួយនឹងរូបរាងខ្ពស់ស្រឡះ រហូតដល់១,៧៥ម៉ែត្រ តារាសម្បុរស្រអែម និងមានទម្រង់មុខដូចនារីបែបបស្ចិមប្រទេស នាង ប្រសាទ ដាវីន បានវិលត្រឡប់មកដើរលើវិថីសិល្បៈ ក្នុងប្រទេសវិញ តាមរយៈការថតរូប និងការដើរបង្ហាញម៉ូដ មិនចាញ់តារាល្បីៗជំនាន់ក្រោយនោះទេ៕