របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៦១
ប្រវត្តិសាស្ត្រ
1.17K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖  មាត្រា៤៥ : ព្រះមហាក្សត្រ ទ្រង់ជាអគ្គសេនាប្រមុខ លើកម្លាំងទាហានទាំងឡាយនៃព្រះរាជាណាចក្រ។

មាត្រា៤៦ : ព្រះមហាក្សត្រ ទ្រង់ចុះព្រះរាជហត្ថលេខាក្នុងសន្ធិសញ្ញាទាំងឡាយដែលធ្វើនឹងប្រទេសបារាំង ហើយនឹងសមាគមរដ្ឋឯទៀត ក្នុងសហភាពបារាំង ហើយទ្រង់ព្រះរាជទានសច្ចាប័នដល់សន្ធិសញ្ញាទាំងនោះដោយអាស្រ័យអនុម័តនៃរដ្ឋសភា។

ព្រះមហាក្សត្រទ្រង់ចាត់ទាំងឥស្សរជនឲ្យកាន់តំណែង ឬទទួលបម្រើខាងផ្លូវទូតទៅប្រទេសក្រៅ។

មាត្រា៤៧ : ព្រះមហាក្សត្រទ្រង់នូវព្រះរាជសិទ្ធរំលែកព្រះរាជអំណាច ក្នុងការព្រះរាជទានឋានន្តរស័ក្តិខាងស៊ីវិល និងទាហាន ហើយក្នុងការចុះព្រះរាជហត្ថលេខាក្នុងលិខិតទាំងឡាយ។

ជំពូកទី៥

អំពីរដ្ឋសភា

មាត្រា៤៨ : អ្នកដែលមានសិទ្ធជ្រើសតាំងតំណាងរាស្ត្រ គឺពលរដ្ឋខ្មែរ ភេទប្រុស អាយុ២០ឆ្នាំបរិបូណ៌ឡើងទៅ វៀរលែងតែបុរសនោះ ប្រាសចាកសិទ្ធិរបស់ពលរដ្ឋ ហើយបុរសនោះ ត្រូវប្រកបដោយលក្ខណៈសម្បត្តិតាមច្បាប់ស្តីអំពីការជ្រើសតាំងអ្នកតំណាងរាស្ត្រ។

ទាហាននៅក្នុងតំណែង គ្មានសិទ្ធិជ្រើសតាំងអ្នកតំណាងរាស្ត្រ ហើយគ្មានសិទ្ធិឈរឈ្មោះឲ្យគេជ្រើសតាំងខ្លួនជាអ្នកតំណាងរាស្ត្រទៀតផង។ បព្វជិតក៏គ្មានសិទ្ធិដូចខាងលើនេះដែរ ព្រោះទើសទាល់នឹងធម៌វិន័យព្រះពុទ្ធសាសនា។

មាត្រា៤៩ : អ្នកដែលមានសិទ្ធិឈរឈ្មោះឲ្យគេជ្រើសតាំងជាតំណាងរាស្ត្របាននោះ គឺបុរសដែលមានសិទ្ធិជ្រើសតាំងតំណាងរាស្ត្រទាំងឡាយ មានអាយុយ៉ាងតិចម្ភៃប្រាំឆ្នាំ។ ច្បាប់ស្តីពីការជ្រើសតាំងអ្នកតំណាងរាស្ត្រមានកំណត់អំពីបុរសដែលគ្មានសិទ្ធិឈរឈ្មោះឲ្យគេជ្រើសតាំងខ្លួនជាអ្នកតំណាងរាស្ត្រ ជនមួយនាក់នឹងធ្វើជាអ្នករាជការកាន់កាប់តំណែងផង ហើយធ្វើជាតំណាងរាស្ត្រផង ពុំបាន។

មាត្រា៥៥ : នៅវេលាដែលឋិតក្នុងសមាជិកភាព ហើយវៀរលែងតែបានប្រព្រឹត្តបទល្មើស ដែលគេបានទាន់ជាក់ស្តែង អ្នកតំណាងរស្ត្រ បើនឹងត្រូវគេចោទប្រកាន់ ឬចាប់ខ្លួនដោយបទឧក្រិដ្ឋ ឬមជ្ឈឹមនោះ លុះត្រាតែអនុញ្ញតពីរដ្ឋសភាជាមុនសិន។ ការឃុំឃាំង ឬចោទប្រកាន់អ្នកតំណាងរាស្ត្រណាមួយត្រូវបង្អង់សិន បើរដ្ឋសភាបញ្ចេញមតិសុំ ដោយមានភាគច្រើនដល់៤ ក្នុង៥ (៤/៥) នៃចំនួនសមាជិក។

មាត្រា៦៧ : ការពិភាក្សានៃរដ្ឋសភានឹងយកជាការបាន លុះត្រាតែមានពីរក្នុងបី (២/៣) នៃចំនួនសមាជិកអង្គប្រជុំ។

ជំពូកទី៦

អំពីក្រុមប្រឹក្សាព្រះរាជអាណាវចក្រ

មាត្រា៧០ : ក្រុមប្រឹក្សាព្រះរាជអាណាចក្រ មានសមាជិកដែលត្រូវចាត់តាំងខ្លះនឹងសមាជិក ដែលត្រូវជ្រើសតាំងដោយបោះឆ្នោតអសាកលខ្លះ។ សមាជិកទាំងនោះត្រូវមានអាយុ៤៦ឆ្នាំ យ៉ាងតិច។

ជនម្នាក់នឹងធ្វើជាទីប្រឹក្សាព្រះរាជណាចក្រផង ហើយធ្វើជាអ្នកតំណាងរាស្ត្រផង ពុំបាន។

មាត្រា៧១ : សមាជិកដែលត្រូវចាត់តាំងមានចំនួនពីររូប។ ព្រះមហាក្សត្រិយ៍ទ្រង់ចាត់តាំងក្នុងបណ្តាព្រះរាជវង្សានុវង្ស។

មាត្រា៧២ : សមាជិកពីររូបត្រូវរដ្ឋសភាជ្រើសតាំងតាមភាគច្រើនដោយប្រៀប យកក្រៅពីតំណាងរាស្ត្រ។

មាត្រា៧៣ : សមាជិកប្រាំបីរូប រូបនីមួយៗជាអ្នកតំណាងភូមិភាគមួយ ឬក្រុងភ្នំពេញ ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសាកល មិនចំពោះ ទីប្រឹក្សាខេត្តជាអ្នកជ្រើសតាំងអ្នកតំណាងភូមិភាគ ហើយតាមសង្កាត់នឹងទីប្រឹក្សាក្រុងជាអ្នកជ្រើសតាំងអ្នកតំណាងក្រុងភ្នំពេញ។

ភូមិភាគទាំងប្រាំពីរ ដែលត្រូវជ្រើសតាំងអ្នកតំណាងមួយរូបសម្រាប់ភូមិភាគមួយនោះមានដូចតទៅ៖

ភូមិភាគទី១ ខេត្តបាត់ដំបង និងសៀមរាប

ភូមិភាគទី២ ខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង

ភូមិភាគទី៣ ខេត្តកំពង់ធំ និងកំពង់ចាម

ភូមិភាគទី៤ ខេត្តក្រចះ និងស្ទឹងត្រែង

ភូមិភាគទី៥ ខេត្តព្រៃវែង និងស្វាយរៀង

ភូមិភាគទី៦ ខេត្តកណ្តាល និងកំពង់ស្ពឺ

ភូមិភាគទី៧ ខេត្តតាកែវ និងកំពត ។

មាត្រា៧៦ : អាណត្តិនៃទីប្រឹក្សាព្រះរាជអាណាចក្រ មានកំណត់៤ឆ្នាំ។

ក្រុមប្រឹក្សាព្រះរាជអាណាចក្រត្រូវហៅប្រជុំ ហើយត្រូវប្រជុំក្នុងពេលជាមួយគ្នានឹងរដ្ឋសភា។

(មានត.ទៅទៀតនៅភាគទី៦២)