របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៦០
ប្រវត្តិសាស្ត្រ
1.13K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖  មាត្រា៨ បានចែងថា៖ សេរីភាពខាងជំនឿ ត្រូវបើកឲ្យមានដោយបរិបូណ៍។ សេរីភាពក្នុងការប្រតិបត្តិខាងផ្លូវសាសនា ក៏ត្រូវបើកឲ្យមានដូច្នោះដែរ បើនឹងបន្ថយខ្លះបាន តែត្រង់ណាដែលវៀរពុំបាន ដើម្បីកុំឲ្យខូចសេចក្តីស្ងប់រៀបរយដល់មហាជន។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

ជំពូក៣ ដែលចែងអំពីច្បាប់ និងអំណាច

មាត្រា២១ : បានចែងថា អំណាចគ្រប់យ៉ាងមកពីព្រះមហាក្សត្រ។ អំណាចទាំងនោះត្រូវប្រើទៅតាមបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញនេះ។

មាត្រា២២ : រដ្ឋសភាជាអ្នកប្រើអំណាចនីតិបញ្ញត្តិ ក្នុងបរមនាមនៃព្រះមហាក្សត្រ។ អ្នកដែលមានសិទ្ធិផ្តើមគំនិតតែងច្បាប់នោះ គឺព្រះមហាក្សត្រ គណៈរដ្ឋមន្ត្រី សមាជិកនៃរដ្ឋសភា និងសមាជិកនៃក្រុមប្រឹក្សាព្រះរាជាអាណចក្រ។

មាត្រា២៣ : គណៈរដ្ឋមន្ត្រីជាអ្នកប្រើអំណាចនីតិប្រតិបត្តិ ក្នុងនាមព្រះបរមនាមព្រះមហាក្សត្រ។

មាត្រា២៤ : សាលាជំរះក្តីគ្រប់ជាន់ថ្នាក់គ្រប់ប៉ែក ជាអ្នកប្រើអំណាចតុលាការ ក្នុងព្រះបរមនាមព្រះមហាក្សត្រ។

ចំណែកជំពូក៤ ដែលចែងអំពីព្រះមហាក្សត្រវិញ

មាត្រា២៥ : រាជសម្បត្តិប្រទេសកម្ពុជាជាមត៌កររបស់ក្សត្រាទាំងឡាយ ដែលជាតំណពីព្រះបាទសម្តេចព្រះហរិរក្សារាមាធិបតីព្រះអង្គដួង។

មាត្រា២៦ : ព្រះមហាក្សត្រ ទ្រង់នូវព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ និងព្រះរាជអំណាចដកព្រះរជ្ជទាយាទពីតំណែងបាន ដោយបានទ្រង់ប្រជុំក្រុមប្រឹក្សារាជសម្បត្តិពិគ្រោះជាមុនហើយ។

មាត្រា២៧ : កាលបើរាជសម្បត្តិទំនេរ ប្រសិនបើព្រះមហាក្សត្រពុំបានចាត់តាំងព្រះរជ្ជទាយាទដូចខាងលើនេះទេ នោះក្រុមប្រឹក្សារាជសម្បត្តិ ចាត់តាំងព្រះមហាក្សត្រអង្គថ្មីដោយយកតាមមតិនៃភាគច្រើនក្នុងទីប្រជុំ បើមតិនៃទីប្រជុំចែកជាពីភាគស្មើគ្នា នោះត្រូវយកតាមមតិនៃប្រធាន។

មាត្រា២៨ : ក្រុមប្រឹក្សារាជសម្បត្តិមានសមាជិកដូចតទៅនេះ :

អធិបតីនៃក្រុមសង្គហព្រះរាជវង្សានុវង្ស

នាយករដ្ឋមន្ត្រី

ប្រធានរដ្ឋសភា

ប្រធានក្រុមប្រឹក្សាព្រះរាជអាណចក្រ

ព្រះសង្ឃនាយកទាំងពីរគណៈ

ចាងហ្វាងសាលាតុលាការជាន់ខ្ពស់

អធិបតីក្រុមសង្គហព្រះរាជវង្សានុវង្សា ជាប្រធាននៃក្រុមប្រឹក្សារាជសម្បត្តិ។

មាត្រា២៩ : នីតិភាពនៃព្រះមហាក្សត្រត្រូវកំណត់តាំងពីព្រះជន្មាយុដប់ប្រាំបីព្រះវស្សា។ បើប្រសិនជាព្រះមហាក្សត្រិយ៍ឋិតនៅក្នុងអនីតិភាព ឬគ្មានសមត្ថភាពនឹងទ្រង់ប្រើព្រះសិទ្ធិទេ ព្រះសិទ្ធិនោះត្រូវជាព្រះរាជានុសិទ្ធមួយព្រះអង្គ។

ក្រុមប្រឹក្សារាជសម្បត្តិជាអ្នកវិនិច្ឆ័យថា ព្រះមហាក្សត្រិយ៍គ្មានសមត្ថភាព ហើយបើមានករណីដូចច្នោះ ក្រុមប្រឹក្សារាជសម្បត្តិត្រូវចាត់តាំងក្សត្រាមួយព្រះអង្គក្នុងរាជវង្សានុវង្ស នាព្រះរាជនុសិទ្ធ។

មាត្រា៣០ : កាលបើរាជសម្បត្តិទំនេរហើយប្រសិនបើព្រះមហាក្សត្រិយ៍ពុំបានចាត់តាំងព្រះរាជទាយាទទេ ក្រុមប្រឹក្សារាជសម្បត្តិត្រូវតែប្រជុំក្នុងរវាងបីថ្ងៃ ក្រោយព្រឹត្តិការណ៍ដែលធ្វើឲ្យរាជសម្បត្តិទំនេរ ដើម្បីចាត់តាំងព្រះមហាក្សត្រិយ៍អង្គថ្មី ព្រមទាំងរាជានុសិទ្ធ បើព្រះមហាក្សត្រិយ៍អង្គថ្មីឋិតនៅក្នុងនីតិភាព។

មាត្រា៣៥ : ព្រះមហាក្សត្រទ្រង់ជាអគ្គប្រមុខនៃរដ្ឋ។ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ នរណានឹងល្មើសពុំបាន។

មាត្រា៣៧ : ព្រះមហាក្សត្រ ទ្រង់ប្រាស្រ័យនឹងរដ្ឋសភា ហើយនឹងក្រុមប្រឹក្សាព្រះរាជាអាណាចក្រ ដោយព្រះរាជសារ។

មាត្រា៣៨ : ព្រះមហាក្សត្រហៅប្រជុំរដ្ឋសភា តាមបទបញ្ញត្តិនៃមាត្រា៥៨ និង៥៩ នៃរដ្ឋធម្មនុញ្ញនេះ។ ព្រះអង្គទ្រង់នូវព្រះរាជសិទ្ធិរំលាយរដ្ឋសភាបាន តាមសេចក្តីណែនាំគណៈរដ្ឋមន្ត្រី។ ព្រះមហាក្សត្រទ្រង់រំលាយរដ្ឋសភាបានតែមួយដង ដោយហេតុដដែល។ បើមានការរំលាយរដ្ឋសភាដូចខាងលើនេះ ការជ្រើសតាំងជាថ្មីត្រូវឲ្យមានក្នុងរយៈវេលាពីរខែ យ៉ាងយូរ។

មាត្រា៤១ : ព្រះរាជលិខិតទាំងពូង វៀរលែងតែព្រះរាជលិខិតណា ដែលទាក់ទងនឹងការខាងក្នុងព្រះបរមរាជវាំង ត្រូវឲ្យមាននាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមួយនាក់ឬច្រើននាក់ចុះហត្ថលេខា ទទួលព្រះបរមរាជឳង្ការ។

មាត្រា៤២ : ព្រះមហាក្សត្រទ្រង់បង្កើតព្រមទាំងទ្រង់ព្រះរាជទានឋានន្តរស័ក្កិខាងស៊ីវិលនិងខាងទាហាន។

ព្រះមហាក្សត្រទ្រង់ជាអធិបតីធំបំផុតនៃក្រុមឥស្សរិយយស ហើយទ្រង់ព្រះរាជទានគ្រឿងឥស្សរិយាករណ៍។

មាត្រា៤៣ : ព្រះមហាក្សត្រទ្រង់តែងតាំងចៅក្រមទាំងឡាយ តាមសេចក្តីសុំរបស់ក្រុមប្រឹក្សាជាន់ខ្ពស់នៃតុលាការ។

មាត្រា៤៤ : ព្រះមហាក្សត្រ ទ្រង់នូវព្រះរាជសិទ្ធិលើកលែងទោស និងបន្ថយទោស។(មានត.ទៅទៀតនៅភាគទី៦១)