របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៥៩
ប្រវត្តិសាស្ត្រ
541

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ ក្រោយពីព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ឡើងជានាយករដ្ឋមន្ត្រីជំនួសព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត មកអ្នកម្នាងប៉ុក វ៉ាណេ ជាមហេសីរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត បានចូលមកគាល់ព្រះមហាក្សត្រនរោត្តម សីហនុ ត្អូញត្អែរទូលព្រះអង្គថា ផ្ទះរបស់អ្នកម្នាងពីមួយថ្ងៃទៅមួយថ្ងៃ លែងសូវមានអ្នកលោក ឬលោកជំទាវចេញចូលដូចកាលពីស្វាមីរបស់អ្នកម្នាងកាន់តំណែងជានាយករដ្ឋមន្ត្រីទៀតហើយ គឺស្ងាត់ជាងកន្លែងកប់ខ្មោចទៅទៀត។ នេះក៏ដោយសារពួករដ្ឋមន្ត្រី ដែលពូកែអែបអបទាំងឡាយនោះ បានបែរក្បាលទៅរកភូមិគ្រឹះព្រះអង្គម្ចាស់យុត្តិវង្ស ជានាយករដ្ឋមន្ត្រីថ្មីវិញ ហើយនៅទីនោះគេឃើញមហេសីជាជនជាតិបារាំងរបស់ទ្រង់ ឈ្មោះ ដូមីនិក ឡាវ៉ឺន(Dominque Laverne)នៅជាប់ជាមួយទ្រង់ជានិច្ច នៅពេលមានភ្ញៀវជារដ្ឋមន្ត្រីធំៗជាច្រើនចូលទៅសម្តែងការគោរពយកគាប់គួរជារៀងរាល់ថ្ងៃ។

ដោសារតែរបូតតួនាទីជានាយករដ្ឋមន្ត្រីផង និងប្រហែលដោយសារមានការច្រណែននិន្ទាឈ្នានីសផងនោះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ដែលព្រះមហាក្សត្រសីហនុ បានកាត់សម្គាល់ឃើញថា ទ្រង់ជាមនុស្សចូលចិត្តនិយាយដើមពីអ្នកដទៃនោះ ក៏បានមកញុះញង់ចាក់រុកព្រះអង្គថា ព្រះអង្គម្ចាស់យុត្តិវង្ស មិនត្រឹមតែមានមហិច្ឆតាឡើងធ្វើជានាយករដ្ឋមន្ត្រីប៉ុណ្ណោះទេគឺថែមទាំងមានមហិច្ឆតាឡើងធ្វើជាព្រះមហាក្សត្ររបស់ប្រទេសកម្ពុជាទៀតផង។

ទ្រង់មុនីរ៉េត បានទូលព្រះមហាក្សត្រសីហនុ ថាភូមិគ្រិះរបស់ព្រះអង្គម្ចាស់យុត្តិវង្ស ប្រធានគណបក្សប្រជាធិបតេយ្យ ពេលនោះមានបរិយាកាសប្រៀបដូចជាព្រះរាជវាំងមួយ ហើយអ្នកម្នាង ដូមីនិកឡាវ៉ឺន(Dominque Laverne)ជាមហេសីជនជាតិបារាំងនោះ បានរៀបចំកម្មវិធីអបអរការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ទ្រង់យុត្តិវង្ស នៅភូមិគ្រឹះនោះ ដោយមានជំទាវៗទាំងខ្មែរ ទាំងអឺរ៉ុប នាំគ្នាទៅសម្តែងការគួរសម គោរពឱនលំទោនក្រាបបង្គំអ្នកម្នាងដូមីនិកនោះ ប្រៀបដូចជាព្រះមហាក្សត្រិយានីមួយអង្គទៅហើយ។

ព្រះមហាក្សត្រនរោត្តម សីហនុ ស្តាប់ហើយ ព្រះអង្គក៏មិនមានប្រតិកម្មអ្វីទៅតាមការញុះញង់ចាក់រុករបស់ទ្រង់មុនីរ៉េត ជាព្រះបិតុលានោះដែរ តែព្រះអង្គបានសូត្រសុភាសិតមួយរបស់លោកសាស្ត្រចារ្យអាហ្វុងសូ ដែលបានបង្រៀនព្រះអង្គតាំងពីនៅរៀនថ្នាក់ទី៦កនោះថា គេមិនត្រូវលក់ស្បែកខ្លាឃ្មុំទេ ឲ្យទ្រង់មុនីរ៉េត ស្ដាប់វិញ។

ទោះបីគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតបានទទួលអាសនៈនៅក្នុងរដ្ឋសភាដ៏ច្រើនលើសលប់ក៏ពិតមែន ប៉ុន្តែនៅក្នុងស្ថាប័នក្រុមប្រឹក្សាព្រះរាជាណាចក្រគណបក្សនេះ មិនមានសម្លេងភាគច្រើន ដូចនៅក្នុងសភាទេ។

ឆ្លៀតឱកាសដែលព្រះមហាក្សត្របើកដៃឲ្យពួកប្រជាធិបតេយ្យធ្វើការកែសម្រួលពង្រាងរដ្ឋធម្មនុញ្ញ ដែលតាក់តែងឡើងដោយទ្រង់មុនីរ៉េត ជាអតីតនាយករដ្ឋមន្ត្រី និងពួកទីប្រឹក្សាបារាំងមួយចំនួនទៀតនោះ ពួកប្រជាធិបតេយ្យបានធ្វើការបញ្ចេញបញ្ចូលនូវខ្លឹមសារតាមការនឹកឃើញរបស់ពួកគេ ក្នុងចេតនាចង់ដកហូតសិទ្ធិអំណាចពីព្រះមហាក្សត្រ និងក្រុមប្រឹក្សាព្រះរាជាណាចក្រស្ទើរតែអស់រលីងពីពង្រាងដើមរបស់ទ្រង់មុនីរ៉េត ទៅហើយ។

នៅទីបំផុត រដ្ឋធម្មនុញ្ញមួយមាន១០ជំពូក និង១០៧មាត្រា ត្រូវបង្កើតឡើងជាលើកដំបូងបង្អស់នៅប្រទេសកម្ពុជា។

ក្នុងជំពូក១ ដែលចែងអំពីធម្មជាតិ និងសណ្ឋានរបស់រដ្ឋ មាត្រា១ បានចែងថា ប្រទេសកម្ពុជាជាប្រជាជាតិមួយ មានព្រះមហាក្សត្រសោយរាជ្យ និងមាត្រា២ ចែងថាភាសាដែលប្រើជាផ្លូវការ គឺភាសាខ្មែរ។ ហើយភាសាបារាំងជាភាសាផ្លូវការដែរ តែសម្រាប់ប្រើក្នុងការទាក់ទងនឹងសហភាពបារាំង ទំរាំភាសាខ្មែរមានពាក្យបរិបូណ៍គ្រប់គ្រាន់នឹងប្រើការសម្រាប់ប្រជាជាតិសម័យថ្មី។

នៅក្នុងជំពូក២ ដែលចែងអំពីសេរីភាព សិទ្ធិ និងករណីយកិច្ចរបស់ខេមរជន មាត្រា៣ បានចែងថា សេរីភាពជាដំណើរអាចធ្វើបានគ្រប់យ៉ាង កុំឲ្យតែប៉ះពាល់ កុំឲ្យតែខូចសិទ្ធិអ្នកដទៃ។ អ្វីដែលច្បាប់មិនបង្គាប់ឲ្យធ្វើទេ ជនណាក៏ដោយ មិនអាចត្រូវគេបង្ខំឲ្យធ្វើបានឡើយ។(មានត.ទៅទៀតនៅភាគទី៦០)