របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៥៨
ប្រវត្តិសាស្ត្រ
702

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ សភានេះត្រូវពិភាក្សា និងពិគ្រោះយោបល់លើខ្លឹមសារនៃការពង្រាងរដ្ឋធម្មនុញ្ញ ដែលមានស្រាប់ក្នុងលក្ខខណ្ឌ មិនឲ្យពាល់ដល់របបរាជាធិបតេយ្យ ដែលមាននៅកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។

សមាជិកសភាមកពីគណបក្សជាប់ឆ្នោតទាំង៣ បានធ្វើការសិក្សាពង្រាងរដ្ឋធម្មនុញ្ញនោះ និងបញ្ជូនមតិយោបល់កែប្រែខ្លឹមសារត្រង់ចំណុចណាមួយ ទៅឲ្យគណៈកម្មការជំនាញមួយទទួលបន្ទុកការរៀបចំរដ្ឋធម្មនុញ្ញសភា ហើយគណៈកម្មការជំនាញនេះ ត្រូវបញ្ជូនគម្រោងកែខ្លឹមសារនោះ ថ្វាយព្រះមហាក្សត្រ ដើម្បីពិនិត្យនិងមានព្រះរាជតម្រិះរួច គណៈកម្មការនេះ រង់ចាំការចារព្រះរាជតម្រិះពីព្រះមហាក្សត្រ សម្រេចយ៉ាងណា ទើបបញ្ជូនចំណារនៃព្រះរាជតម្រិះនោះត្រឡប់ទៅសភាវិញ ដើម្បីពិភាក្សា និង អនុម័តសម្រេច ។

ទោះបីយ៉ាងណាក៏ដោយ ក៏ការពិភាក្សាលើគម្រោងរដ្ឋធម្មនុញ្ញនៅក្នុងសភានោះ មានជំហរពីរផ្ទុយគ្នាដែរ គឺជំហរទី១ មានការខិតខំតស៊ូដោយប្រុងប្រយ័ត្ន ទៅលើការការពាររចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងឲ្យមានរបបនយោបាយមួយដែលមានលក្ខណៈប្រជាធិបតេយ្យល្មមសមរម្យប៉ុណ្ណោះ ហើយរក្សាទុករបបរាជាធិបតេយ្យនិយមបន្តទៀត ដោយឈរលើគោលការណ៍ថា អំណាចទាំងអស់ត្រូវចេញពីព្រះមហាក្សត្រ ។

ចំណែកជំហរទី២ ជាគំនិតរបស់សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ដែលធ្លាប់ទទួលការសិក្សានិងមនោគមវិជ្ជាពីប្រទេសលោកខាងលិច ពួកគេមិនចង់ឲ្យព្រះមហាក្សត្រមានអំណាចច្រើនលើសលប់ដូចមុនទៀតទេ ។ គោលនយោបាយគណបក្សប្រជាធិបតេយ្យ ដែលមានព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ជាអ្នកដឹកនាំ ចង់ឲ្យមានការចរចាពីបញ្ជាឯករាជ្យជាមួយបារាំង ធ្វើឡើងឲ្យបានឆាប់រហ័ស ដើម្បីឲ្យប្រទេសកម្ពុជាអនុវត្តលិទ្ធិប្រជាធិបតេយ្យបានល្អ ដូចនៅប្រទេសបារាំងដែរ។ ចំណែកគណបក្សសេរីភាព ដែលមានព្រះអង្គម្ចាស់ នរោត្តម នរិន្ទដេត ជាអ្នកដឹកនាំមាន១៤អាសនៈនៅក្នុងសភា ជាគណបក្សអភិរក្សនិយម មិនចង់ឲ្យមានកំណែទម្រង់នយោបាយលឿនពេកទេ គឺត្រូវអប់រំប្រជារាស្ត្រខ្មែរឲ្យយល់ពីលិទ្ធិប្រជាធិបតេយ្យជាបណ្តើរៗសិន ហើយគួរតែពឹងផ្អែកលើបារាំង ក្នុងការការពារប្រទេសមួយរយៈបន្តទៀត។

ព្រះរាជវង្សានុវង្សទាំងអស់ បានគាំទ្រគំនិតរបស់មេដឹកនាំគណបក្សសេរីភាព ហើយតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា ពួកមន្ត្រីបារាំងបានលួចលាក់ផ្តល់លុយកាកខ្លះសម្រាប់ជួយទ្រទ្រង់គណបក្សសេរីភាពនេះផងដែរ ដោយសារបារាំងខ្លាចប្រជាប្រិយភាពរបស់គណបក្សប្រជាធិបតេយ្យ ។

ឯគណបក្សប្រជាធិបតេយ្យចម្រើនជឿនលឿន របស់ព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា ដែលទទួលបានអាសនៈ៣ នៅក្នុងសភានោះ មិនមានឥទ្ធិពលអ្វីក្នុងសភាទេ ហើយគេសង្ស័យថាគណបក្សនេះ មានការគាំទ្រពីពួកទីប្រឹក្សារបស់ព្រះមហាក្សត្រ នៅពីក្រោយខ្នងផងដែរ។

នៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ១៩៤៦ គណបក្សប្រជាធិបតេយ្យ ដែលឈ្នះឆ្នោតដ៏ច្រើនលើសលប់នៅក្នុងរដ្ឋសភា បានរៀបចំបង្កើតរាជរដ្ឋាភិបាលថ្មីមួយដែលប្រសូត្រចេញពីលទ្ធផលបោះឆ្នោត ថ្ងៃទី១ ខែកញ្ញា នោះ ដោយមានព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,ព្រះអង្គម្នាស់ស៊ីសុវត្ថិ វត្តធាយាវង្ស ជារដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ , សុន វ៉ឺនសៃ ជារដ្ឋមន្ត្រីការពារជាតិ , សឺន សានជារដ្ឋមន្ត្រីសេដ្ឋកិច្ចជាតិ , ឈាន វ៉ម ជារដ្ឋមន្ត្រីអប់រំ , ប្រាក់ សាវិន ជារដ្ឋមន្ត្រីសាធារណការ ទូគមនាគមន៍ និងសុខាភិបាល , ប៉ែន នុត ជារដ្ឋមន្ត្រី ទទួលលបន្ទុករាជធានីភ្នំពេញ , ហ៊ុយ កន្ទុល ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងឃោសនា ,ហាក់ ម៉ុងសេង ជារដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ , អូ ឈឺន ជារដ្ឋលេខាធិការក្រសួងធម្មការពុទ្ធិកសិក្សា និងវិចិត្រសិល្បៈ ,អ៊ុក ធុច ជារដ្ឋលេខាធិការក្រសួងផ្គត់ផ្គង់ ។ (មានត.ទៅទៀតនៅភាគទី៥៩)