ទេពកោសល្យដ៏អស្ចារ្យ របស់កុមារា ស៊ាប ឈៀងហេង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ សម្រេចផ្តល់ថវិកា ១ម៉ឺន​ដុល្លារ
ព័ត៌មាន
1.07K

ទេពកោសល្យដ៏អស្ចារ្យ របស់កុមារា ស៊ាប ឈៀងហេង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ សម្រេចផ្តល់ថវិកា ១ម៉ឺន​ដុល្លារ

ភ្នំពេញ ៖ ដោយទេពកោសល្យដ៏អស្ចារ្យរបស់កុមារា ស៊ាប ឈៀងហេង នៅក្នុងការប្រឡងកម្មវិធី Cambodia's Got Talent Season 2 នោះ នៅថ្ងៃព្រហស្បតិ៍ ទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ដល់កុមារារូបនេះ ដែលមានអាយុ ១២ឆ្នាំ មានសមត្ថភាព ទេពកោសល្យ ផ្នែកអក្សរសាស្ត្រខ្មែរ និងចេះសុភាសិតខ្មែររហូតដល់ជាង​ ២,៦៣០សុភាសិត​ ដើម្បីបានសិក្សារៀនសូត្រ​ខ្ពង់ខ្ពស់​ ក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់របស់ព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខ និងកោតស្ញប់ស្ញែងដល់កុមារា ស៊ាប​ ឈៀងហេង ដែលមានចំណេះដឹង​ ថែមទាំងទេពកោសល្យ​ កម្ររកបាន។ ជាមួយគ្នានេះ លោកជំទាវ បានផ្តាំផ្ញើដល់កុមារា ឈៀងហេង ដែលជាសិស្សពូកែលេខ​ ១​ ក្នុងថ្នាក់​ ឱ្យខិតខំប្រឹងប្រែងបន្តដើម្បីទទួលបាននិទ្ទេស​ A ពេល ប្រឡងមធ្យមសិក្សាទុតិយភូមិ​ ហើយត្រូវដុះខាត់សមត្ថភាពដែលមាន​ស្រាប់​ឱ្យកាន់តែពូកែ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់នៃប្រទេសជាតិដែលពោរពេញដោយសន្តិភាពនិងអភិវឌ្ឍនភាពនេះ។ក្នុងឱកាសនោះដែរ អ្នកប្រាជ្ញវ័យក្មេង ស៊ាប ឈៀងហេង ក៏បានសម្តែងជាតួអង្គ ធនញ្ជ័យ បញ្ចេញសមត្ថភាពផ្នែកសុភាសិតបានយ៉ាងល្អ។ ទន្ទឹមនឹងនេះ កុមារា ឈៀងហេង បានសម្តែងក្តីរំភើបរីករាយឥតឧបមាដោយទទួលបានការ​លើកទឹកចិត្តយ៉ាងកក់ក្តៅ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយសូមប្តេជ្ញា​ខិតខំសិក្សារៀនសូត្រឱ្យបាន​ពូកែ​ ធ្វើជាកូនល្អ​ សិស្សល្អ​ ពលរដ្ឋល្អនៅក្នុងសង្គម​ ដើម្បីឆ្លើយតបនឹងសេចក្តីស្រឡាញ់​ និងការលើកទឹកចិត្តរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន។សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នៅបានឧបត្ថម្ភថវិកាមួយចំនួន​ ដល់ឪពុកម្តាយរបស់កុមារា ស៊ាប ឈៀងហេង សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពរស់នៅ និងចិញ្ចឹមបីបាច់ដល់កូនៗទាំងពីរនាក់ផងដែរ៕